(ព្រៃវែង)៖ ប្រជាពលរដ្ឋភូមិព្រៃខ្លូត ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានសំដែងនូវការថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវអគារសិក្សាមួយខ្នង មាន៧បន្ទប់ ធ្វើពីបេតុងដល់សាលាបឋមសិក្សាព្រៃគី ខណៈដែលចំនួនសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។
លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងសាលាបឋមសិក្សាព្រៃគី ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំស្មោងត្បូង ស្រុកកំចាយមារ។
សាលាបឋមសិក្សាព្រៃគី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៩ ស្ថិតនៅក្នុងទីតាំងវត្តព្រៃគីមាន២ខ្នង ស្មើ៤បន្ទប់ សាងសង់ពីឈើប្រក់ស័ង្កសី ដោយថវិការបស់ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។ សាលារៀននេះត្រូវបានវិវត្តន៍ជាបន្តបន្ទាប់មកដល់ឆ្នាំ២០០១ សម្តេចក្រឡាហោម ស ខេង និងលោកស្រី បានផ្តល់អគារសិក្សាមួយខ្នង៥បន្ទប់ ទីចាត់ការ១ខ្នង និងរបងព័ទ្ធជុំវិញប្រវែង៣៨០ម៉ែត្រ។
បច្ចុប្បន្នសាលាបឋមសិក្សាព្រៃគី មានលោកគ្រូ អ្នកគ្រូ ៧នាក់ និងសិស្សាបានកើនឡើង ដល់៤៥០នាក់។ ដោយសារកំណើនសិស្ស ចេះតែកើនឡើងជារឿងរាល់ឆ្នាំ មើលឃើញពីសេចក្តីការនៃអគារសិក្សាបន្ថែម សម្តេចក្រឡាហោម ស ខេង បានប្រគល់ភារកិច្ចឲ្យលោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ចុះធ្វើការសិក្សា និងបានសម្រេចផ្តល់អគារសិក្សា១ខ្នង មាន៧បន្ទប់សាងសង់អំពីថ្ម។
នៅក្នុងពិធីបញ្ចុះបឋមសិលា លោក ស្តើង សុខុម បានថ្លែងថា សម្តេចក្រឡាហោម ស ខេង តែងតែបានយកចិត្តទុកដាក់ជាប្រចាំ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកតែងបានកសាងផ្លូវ កសាងសាលារៀន មន្ទីរពេទ្យ ទៅតំបន់មូលដ្ឋានដែលជាតម្រូវការរបស់ប្រជាជន ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាព និងការអភិវឌ្ឍធនធានមនុស្ស ពិសេសការរុញសាលារៀនទៅខិតជិតផ្ទះប្រជាជន។
លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថា ហេតុអ្វីបានជាត្រូវរុញសាលារៀនទៅជិតផ្ទះប្រជាជនព្រោះ សាលារៀននេះហើយ ដែលជាថ្នាលបណ្តុះនូវចំណេះដឹង ដល់កូនចៅប្រជាជន ហើយនៅពេលដែលកូនចៅប្រជាជន មានចំណេះដឹងហើយនោះពលរដ្ឋ អាចធ្វើការប្រកបមុខរបបទៅតាមវិជ្ជាជីវៈ និងប្រកបមុខរបរទទួលទានមានការរីកចម្រើន និងប្រសើរជាងពលរដ្ឋដែលមិនមានចំណេះដឹង។
លោកប្រធានក្រុមការងារថ្នាក់ជាតិ បានបន្តសង្កត់ធ្ងន់ទៀតថា ហេតុអ្វីបានជាត្រូវបណ្តុះបណ្តាលធនធានមនុស្ស គឺចង់ឲ្យពលរដ្ឋមានចំណេះដឹងទូទៅ ទូលំទូលាយ និងមានជំនាញព្រោះរាល់កិច្ចការអ្វីក៏ដោយ ប្រសិនជាយើងមានជំនាញ គឺប្រកបមុខរបរតែងទទួលបានជោគជ័យ និងទទួលទិន្នផលខ្ពស់។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់គ្នា និងរៀនឲ្យបានចប់មហាវិទ្យាល័យ ព្រោះស្រុកកំចាយមារ មានសាកលវិទ្យាល័យនៅស្រុក នេះតែម្តង។
លោក ស្តើង សុខម បានបន្តថា ការកកើតសាលារៀន និងសាកលវិទ្យាល័យនៅក្នុងស្រុកកំចាយមារ គឺជាទស្សនៈប្រកបដោយគតិបណ្ឌិតវែងឆ្ងាយរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំចំណាយមូលធនផ្ទាល់ខ្លួនផង ការចូលរួមឧបត្ថម្ភធន ពីសប្បុរសជនផង បានធ្វើឲ្យស្រុកកំចាយមារមានរហូត សាកលវិទ្យាល័យ។
ជាក់ស្តែងស្រុកកំចាយមារបច្ចុប្បន្ន មានគ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន៥១កន្លែង ក្នុងនោះបឋមសិក្សា មាន៣៩កន្លែង, មានអគារសិក្សា៩២ខ្នង ស្មើ៣៧២បន្ទប់, អនុវិទ្យាល័យ ៨កន្លែង មានអគារសិក្សា២១ខ្នង មាន៩១បន្ទប់, វិទ្យាល័យមាន២កន្លែង មានអគារសិក្សា៨ខ្នង ស្នើ៨០បន្ទប់ និងសាកលវិទ្យាល័យមួយកន្លែង មានអគារសិក្សា១៣ខ្នង ចែកចេញជា៥មហាវិទ្យាល័យ, វិទ្យាស្ថានអភិវឌ្ឍសហគមន៍ចំនួន១កន្លែង និងមានអគារអន្តេវាសិកដ្ឋាន១៧ខ្នង។
លោក ស្តើង សុខុម បានឲ្យដឹងទៀតថា ឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃការកើនឡើងចំនួនសិស្សានុសិស្សជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំ២០១៩កន្លងទៅ នេះសម្តេចក្រឡាហោម ស ខេង បានផ្តល់ជូនប្រជាពលរដ្ឋស្រុកកំចាយមារចំនួន៧ខ្នង ស្មើ៣៩បន្ទប់ និងទីចាត់ការ៧ខ្នង ជួសជុលអគារសិក្សា ៨ខ្នង ស្នើ៣៥បន្ទប់ របង ខ្លោងទ្វារ និងសាងសង់អគាររដ្ឋបាលឃុំចំនួន២។
លោកនាយកសាលាបឋមសិក្សាព្រៃគី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ភូមិព្រៃខ្លូត ទោះបីភូមិនៅដាច់ស្រយាលក៏ដោយ។ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់នេះ លោកនាយកសាលា បានបង្ហាញពីការប្តេជ្ញាចិត្តខិតខំបង្រៀន សិស្សឲ្យមានចំណេះដឹង និងអប់រំសិស្សឲ្យជៀសវាងអំពីអំពើអបាយមុខ និងខិតខំថែរក្សាសមិទ្ធផលដ៏ថ្លែថ្លានេះឲ្យបានល្អ។
នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារថ្នាក់ជាតិ បានបើកវេទិកាសាធារណៈដើម្បីឲ្យពលរដ្ឋលើកឡើងអំពីផលលំបាករបស់ខ្លួនពាក់ព័ន្ធការផ្តល់ សេវាសាធារណៈរបស់រដ្ឋ និងបញ្ហាភូមិឃុំមានសុវត្ថិភាព ព្រមតាំងសំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋចង់បាន។ នៅក្នុងវេទិកានោះប្រជាពលរដ្ឋភូមិព្រៃខ្លូត បានសំណូមពរការជួសជុលផ្លូវប្រវែង ៤,២គីឡូម៉ែត្រ និងការតភ្ជាប់បណ្តាញអគ្គិសនីមកកាន់ភូមិព្រៃខ្លូត និងស្នើសុំឲ្យមានការកសាងប្រឡាយបង្ហូរទឹក មកកាន់ភូមិដើម្បីមានលទ្ធភាពធ្វើស្រែប្រាំងផងដែរ។
ឆ្លើយតបទៅសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ បានទទួលយកសំណូមពរការកសាង ផ្លូវ និងប្រឡាយទឹក ដោយបានស្នើឲ្យក្រុមប្រឹក្សាឃុំធ្វើការសិក្សាគម្រោងនេះ។
លោកក៏បានធ្វើការពន្យល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាដល់ឃុំ សង្កាត់ ក្នុងរង្វង់ថវិកា១២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែក្នុងនោះមានថវិកា សម្រាប់អភិវឌ្ឍន៍ប្រមាណ៧ម៉ឺនដុល្លារ ក្នុងមួយឃុំសម្រាប់ឆ្នាំ២០២០ ដូចនេះឃុំនីមួយៗ អាចលើកគម្រោងដើម្បីធ្វើផ្លូវធ្វើប្រឡាយទឹក នៅតាមភូមិ ឃុំ ដែលជាអាទិភាព ដូចនេះឃុំអាចពិនិត្យសំណើនេះហើយធ្វើជាដំណាក់។
ពាក់ព័ន្ធបញ្ហាភ្លើងលោកប្រធាន បានបញ្ជាក់ថា លោកបានដាក់ទៅកាន់អគ្គិសនីកម្ពុជារួចហើយ ដូចេះសុំឲ្យអាជ្ញាធរស្រុកពិនិត្យមើលថាឃុំ ភូមិ ណាមិនទាន់មានបណ្តាញភ្លើងរបស់រដ្ឋ ដើម្បីតភ្ជាប់ភ្លើងទៅឲ្យប្រជាពលរដ្ឋ ដូចនេះនៅពេលខាងមុខ នឹងទទួលបានភ្លើងនៅតាមភូមិ។
នៅរសៀលថ្ងៃដដែលនោះ លោក ស្តើង សុខុម ក៏បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានានៅក្នុងវត្តរតនៈសិលា ហៅវត្តក្របៅថ្មី ក្នុងឃុំក្របៅ ស្រុកកំចាយមារ ដែលរួមមានបណ្តាល័យ ព្រះពុទ្ធរូប ខឿនមហាពោធិព្រឹក្យ ប្រព័ន្ធលូរំដោះទឹក សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត បម្រើឲ្យវិស័យព្រះពុទ្ធ សាសនា។
លោក ស្តើង សុខុម បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើន ដែលបានកើតឡើងក្នុងវត្តរតនៈសិលា ហៅវត្តក្របៅថ្មីក្រោម ការចូលរួមបរិច្ចាកធនធាន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន សម្រាប់តម្កល់ទុក ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។
លោកប្រធានក្រុមការងារថ្នាក់ជាតិ បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្ននេះធ្វើប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ដែលខុសពីជាង៤០ឆ្នាំមុន ដែលប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាច លំបាកវេទនាគ្មានសិទ្ធិ សេរីភាពអ្វីទាំងអស់។
លោកបន្តថា ភាពសុខសាន្តរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែកគ្រប់វិស័យ រួមទាំងវិស័យសាសនាផងអាចកើតឡើងបានអាស្រ័យ ដោយប្រទេសមានសុខ សន្តិភាពស្ថេរភាពនយោបាយ។ អរគុណសន្តិភាព និងចូលរួមអរគុណសន្តិភាពទាំងអស់គ្នា ដោយធ្វើយ៉ាងណារួមគ្នាថែរក្សាសន្តិភាព ឲ្យបានស្ថិតស្ថេរ គង់វង្សជានិរន្តរ៍ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនៈភាព នៃការអភិវឌ្ឍលើគ្រប់វិស័យប្រជាពលរដ្ឋរស់នៅជុំគ្នា ប្រកបដោយភាពសុខដុមរមនា បន្តរហូតដល់កូនចៅជំនាន់ក្រោយបន្តទៀត។
នៅក្នុងឱកាសនេះ លោក ស្តើង សុខុម និងលោកស្រី រួមជាមួយមន្រ្តីក្រុមការងារ បានប្រគេនបច្ច័យដល់ព្រះសង្ឃទុកសម្រាប់កសាងសមិទ្ធផលក្នុងវត្ត បន្តទៀត និងបាននាំយកអំណោយជាសម្ភារ ចែកជូនសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកយាយ លោកតា និងប្រជាពលរដ្ឋចូលរួមដែលមានក្រណាត់ ស សារុង សៀវភៅ ប៊ិច និងថវិកា ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី ក្នុងទីអារាមវត្តក្របៅថ្មី៕