(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលចំពោះសេចក្តីថ្លែងការណ៍របស់ សមាគម និងអង្គការសង្គមស៊ីវិលមួយចំនួន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលថា រាជរដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយបានទាមទារឱ្យនិរាករណ៍លើច្បាប់មួយនេះ។ ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការចោទប្រកាន់របស់សមាគម និងអង្គការសង្គមស៊ីវិលបែបនេះ គឺពុំឆ្លុះបញ្ចាំងពីការពិតឡើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៤២ កថាខណ្ឌទី១ ចែងថា «ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវបានកំណត់ក្នុងច្បាប់»។ ផ្អែកតាមមូលដ្ឋានខាងលើនេះ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ហើយត្រូវបានដាក់ឱ្យពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយជាច្រើនលើកច្រើនសារ អស់រយៈពេល២០ឆ្នាំ ទើបសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់ ក្នុងខែសីហា ឆ្នាំ២០១៥។

ក្រសួងមហាផ្ទៃ បានបន្តថា ដោយឡែកពាក់ព័ន្ធនឹងនីតិបុគ្គលមិនយកចំណេញ ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី គឺគ្រាន់តែចែងអំពីគោលការណ៍ ទូទៅតែប៉ុណ្ណោះ។ ដូចនេះ ក្រមរដ្ឋប្បវេណី មិនបានហាមឃាត់ក្នុងការរៀបចំឱ្យមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។

ក្រសួងមហាផ្ទៃបានបន្ថែមថា ក្នុងពេលអនុវត្តដោយស្តាប់នូវមតិយោបល់របស់អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បានឯកភាពទទួលយកនូវសំណើសុំធ្វើវិសោធនកម្មលើមាត្រាមួយចំនួន។ កិច្ចប្រជុំពិភាក្សាលើសំណើសុំធ្វើវិសោធនកម្មត្រូវបានដំណើរការចំនួន៤លើក រួចមកហើយ ដោយចាប់ផ្តើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមក ហើយបានសម្រេចឯកភាពគ្នាលើសំណើសុំធ្វើវិសោធនកម្ម ចំនួន៩មាត្រាលើ១៧មាត្រា ដែលស្នើឡើងដោយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

«ក្រសួងមហាផ្ទៃសង្ឃឹមថា នឹងបន្តការពិភាក្សាស្វែងរកស្រុះស្រួលគ្នាលើមាត្រាដែលនៅសេសសល់ នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ ការដែលលើកឡើងថា រាជរដ្ឋាភិបាល មិនមានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ គឺពុំឆ្លុះបញ្ចាំងពីការពិត ដូចបានបញ្ជាក់ខាងលើឡើយ»។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងមហាផ្ទៃ

បើតាមក្រសួងមានសមត្ថកិច្ចមួយនេះ, ជាគោលការណ៍ទូទៅ ក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ច្បាប់បានកំណត់អំពីដែនសមត្ថកិច្ច អំពីសិទ្ធិ និងកាតព្វកិច្ចរបស់តួអង្គសំខាន់ៗ នៅក្នុងសង្គម រួមមាន ស្ថាប័នសាធារណ វិស័យឯកជន គណបក្សនយោបាយ អង្គការសង្គមស៊ីវិល... ដើម្បីការពារប្រយោជន៍សាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍របស់តួអង្គទាំងនោះ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាលលើកិច្ចការនេះ នៅតែមានឆន្ទៈយ៉ាងមោះមុត បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនឹងបន្តរៀបចំកិច្ចប្រជុំពិភាក្ សាដោយសុទ្ធចិត្តជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលរហូតដល់ទទួលបានលទ្ធផលជាវិជ្ជមាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ និងសមាគម អង្គការសង្គមស៊ីវិល បានជួបប្រជុំពិគ្រោះយោបល់លើកទី៤ ដើម្បីពិភាក្សាទៅលើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ សមាគម និងអង្គការសង្គមស៊ីវិលប្រមាណ ១០០ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់នេះទៅវិញ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ៖