(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការឆ្លើយតបនឹងចម្ងល់ របស់ពលរដ្ឋដែលលើកឡើងថា សមត្ថកិច្ចបង្ក្រាបបាន តែជនជួញដូរគ្រឿងញៀនតូចតាច មេក្លោងក្រោយខ្នងបង្ក្រាបមិនដែលបាន និងគ្រឿងញៀនបង្ក្រាបបានយកទៅណា?
ចំពោះចម្ងល់ថា គ្រឿងញៀនដែលចាប់បានតើយកទៅណា? ត្រូវបាននាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀន ជាទូទៅក្នុងគោលការណ៍ច្បាប់ គឺវត្ថុតាងគ្រឿងញៀន មានសារៈសំខាន់ណាស់ ពាក់ព័ន្ធនឹងការផ្ដន្ទាទោស។ ក្នុងប្រតិបត្ដិការនៃការបង្ក្រាបដំបូង គេកត់សម្គាល់ទៅលើបរិមាណ តាមរយៈពេលការកត់ត្រា នៅក្នុងកំណត់ហេតុត្រឹមត្រូវច្បាស់លាស់ មុននឹងបញ្ជូនទៅតុលាការ ហើយវត្ថុតាងទាំងអស់នោះ ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយគណៈកម្មាធិការមួយ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀន ដែលត្រូវចាប់យកជារៀងរាល់ឆ្នាំ ត្រូវបានរក្សាទុកនៅតុលាការ ឬក៏រក្សាទុកនៅកន្លែង មានសុវត្ថិភាពមួយ ដែលតុលាការទុក ពីព្រោះថា គ្រឿងញៀនអាចបាត់បង់ និងប្រែប្រួលធាតុដើម ឬក៏អាចងាយប្រែធាតុ ឬក៏ខូចគុណភាព ដូច្នេះត្រូវរក្សា ដោយការប្រុងប្រយ័ត្ន ស្របតាមលក្ខណៈបច្ចេកទេស នៅពេលដែលចាប់បាន ត្រូវបញ្ជូនទៅតុលាការ ហើយតុលាការមានសិទ្ធិក្នុងចាត់ចែងកិច្ចការនេះ ដែលទុកនៅកន្លែងណា ដែលមានសុវត្ថិភាព។
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនរូបនេះ បានគូសបញ្ជាក់ថា គ្រឿងញឿនទាំងអស់ត្រូវធ្វើការ ដុតបំផ្លាញចោទ ពីព្រោះថា គ្រឿងញៀនមានតម្លៃថ្លៃ ហើយជាសារធាតុ ដែលមានគ្រោះថ្នាក់ ដូច្នេះសមត្ថកិច្ចត្រូវចំណាយពេលវេលា ក្នុងការថែទាំ ហេតុដូច្នេះយើងត្រូវដុតបំផ្លាញចោទ។ លោកថា ជារៀងរាល់ឆ្នាំ យើងប្រារព្ធ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ដទៀតថា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិនេះ យើងតែងធ្វើការដុតបំផ្លាញសារធាតុញៀនទាំងអស់នោះ រួមទាំងសារធាតុគីមីផ្សំ ដោយមិនទុកឲ្យសារធាតុញៀនទាំងអស់នោះ ឲ្យយើងនៅអង្គុយចាំយាម ចាំថែទាំ ដូចកូននោះទេ។ នៅពេលនឹងយើង បានធ្វើការដុតបំផ្លាញ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនូន លោកអត់បានដឹង អត់បានជ្រាប នៅពេលដែលយើងរៀបចំទិវានេះម្ដងៗ។
ដោយឡែកពាក់ព័ន្ធនឹងចម្ងល់ថា សមត្ថកិច្ចបង្ក្រាបបានជនជួញដូរគ្រឿងញៀនតូចតាច តែមេក្លោងក្រោយខ្នងបង្ក្រាបមិនដែលបង្ក្រាបបាន ត្រូវបាននាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា «ជាធម្មតា ក្រុមបទល្មើសគ្រឿងញៀន គឺបទល្មើសដែលរៀបចំឡើង ដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងពាក្យថា អង្គការចាត់តាំង មេក្លោងមិនដែលធ្វើសកម្មភាពផ្ទាល់នោះទេ ហើយបញ្ហាគ្រឿងញៀន គេចាត់ទុកជាចំណែកមួយឧក្រិដ្ឋកម្មឆ្លងដែន ដែលមានក្រុមធ្វើសកម្មភាព នៅតាមប្រទេសនីមួយៗ ដែលជាក្រុមឧក្រិដ្ឋជន ដែលមានភាពប្រទាក់ក្រឡាគ្នា ទៅនឹងក្រុមឧក្រិដ្ឋជនដែលធ្វើការលក់ដូរគ្រឿងញៀន សម្រាប់ផ្គត់ផ្គង់ទីផ្សារនៃការផលិតប្រើប្រាស់»។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានគូសបញ្ជាក់ថា ការបំផ្លាញអង្គការចាត់តាំងនេះ គឺត្រូវតែបង្កើនការយកចិត្ដទុកដាក់ ដែលមានវិធានការ២៖
ទី១៖ ការអនុវត្ដវិធានការប្រគល់ ដែលមានការឃ្លាំមើល ការចរាចរណ៍ជួញដូរគ្រឿងញៀន ព្រោះថា ក្រុមឧក្រិដ្ឋជនពេលខ្លះ គាត់ជួលមនុស្សឲ្យធ្វើសកម្មភាព ជំនូសគាត់ ដែលបុគ្គលនោះ អាចដឹងខ្លួន និងអាចមិនដឹងខ្លួន។
ទី២៖ ការធ្វើសកម្មភាពបង្ក្រាបដោយផ្ទាល់, សមត្ថកិច្ចអនុវត្ដច្បាប់ទាំងអស់ ប្រើសិនបើឃើញ បទល្មើស ក្នុងករណីដែលពិនិត្យឃើញថា វាមិនមែនជាការអនុវត្ដនូវវិធានការ នៃការប្រគល់ ការឃ្លាំមើលទេ សមត្ថកិច្ចត្រូវតែបង្ក្រាប៕