(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតគម្រោង វិនិយោគជប៉ុនចំនួន១៤៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ២,៧៨៥លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈនេះ។
ទិន្នន័យនេះត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះមានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុន នៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាប្រមាណ១០០រូប។
កិច្ចប្រជុំទ្វេភាគីនេះ ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០០៩ មកក្រោមក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
ឆ្លងកាត់កិច្ចប្រជុំចំនួន១៨លើកកន្លងមក បញ្ហាប្រឈមមួយចំនួន ដែលអ្នកវិនិយោគបានលើកឡើង ត្រូវបានភាគីរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូននូវដំណោះស្រាយ ដ៏សមស្របជាបន្តបន្ទាប់ ដែលបានញ៉ាំងឱ្យមានការបណ្តាក់ទុនវិនិយោគបន្ថែម នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។
កិច្ចប្រជុំលើកទី១៩នេះ បានផ្តោតការពិភាក្សាលើចំណុចអាទិភាពមួយចំនួន ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជារួមមាន៖ (១). វឌ្ឍនភាពនៃការត្រៀម បើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់, (២). ពន្ធអប្បបរមា, (៣). ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និង(៤). តម្លៃនិងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។
មុនដំណើរការនៃកិច្ចប្រជុំ សមាគម JBAC បានប្រគល់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នូវអនុសាសន៍គោលនយោបាយសម្រាប់ឆ្នាំ២០១៩-២០២០ ចំនួន២១ ស្តីពីបញ្ហាប្រឈមដែលសមាជិករបស់ JBAC បានជួបប្រទះក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជានាពេលកន្លងមក ដែលក្នុងនោះបញ្ហាមួយចំនួន ត្រូវបានដោះស្រាយរួចស្រេចហើយ។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល ជូនអ្នកវិនិយោគគ្រប់ជាតិសាសន៍ ដែលមានប្រតិបត្តិការនៅកម្ពុជា ដែលជាកត្តាមិនអាចខ្វះ បានមុននឹងអ្នកវិនិយោគសម្រេចចិត្តវិនិយោគ នៅប្រទេសណាមួយ។
លោកបន្តថា អ្នកវិនិយោគកម្ពុជា និងបរទេស មើលឃើញយ៉ាងច្បាស់អំពីគុណសម្បត្តិរបស់កម្ពុជា តួយ៉ាងអ្នកវិនិយោគជប៉ុន បានបណ្តាក់ទុនវិនិយោគ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជាការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម ដែលសកម្មភាពវិនិយោគទាំងនេះ បានផ្តល់ឱកាសដល់កម្ពុជា ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
លោករដ្ឋមន្រ្តីប្រតិភូ ក៏បានស្នើឱ្យអ្នកវិនិយោគជប៉ុន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពកម្មករ-និយោជិត ដោយដាក់ចេញ និងអនុវត្តជាប្រចាំ នូវវិធានការបង្ការវីរុសផ្លូវដង្ហើមថ្មី (វីរុសកូរ៉ូណា) ក្នុងទីតាំងផលិតកម្មរបស់ខ្លួន ព្រមទាំងខិតខំធ្វើយ៉ាងណារក្សាប្រក្រតីភាព នៃខ្សែច្រវាក់ផលិតកម្ម ដើម្បីធានានិរន្តរភាព នៃការងាររបស់កម្មករ-និយោជិតផង និងការបង្កើនប្រាក់ចំណូលអាជីវកម្ម របស់អ្នកវិនិយោគផ្ទាល់ផង។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ដែលបានដោះស្រាយបញ្ហាពន្ធមួយចំនួនធំ, ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំសម្របសម្រួល បើកច្រកទ្វារព្រំដែនស្ទឹងបត់, ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដែលបានបញ្ចុះថ្លៃអគ្គិសនី និងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី មានស្ថិរភាពប្រសើរជាងមុន ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់ភាពទន់ភ្លន់ ក្នុងការអនុវត្តប្រកាស ស្តីពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ។ សកម្មភាពដែលបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំវិនិយោគនេះ បានផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគគ្រប់រូប។
លោកបានបង្ហាញនូវសុទិដ្ឋិនិយមថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមេសាខាងមុខ នឹងមានការដាក់ចេញនូវវិធានការមួយចំនួនទៀត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យបានមួយកម្រិតទៀត៕