(ថៃ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council) នៅទីក្រុងបាងកក ប្រទេសថៃ។
សិក្ខាសាលានេះ មានការចូលរួមពីធុរជនថៃចំនួនប្រមាណ៤០០នាក់ មកពីក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក្រុមហ៊ុន ដោយលោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវឲ្យធុរជនថៃ មកធ្វើវិនិយោគឲ្យបានរឹតតែច្រើនឡើង នៅប្រទេសកម្ពុជា។
ថ្លែងក្នុងសុន្ទរកថាគន្លឹះនាពេលនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់៧.១% ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ ការកើនឡើងនៃចំណូលជាមធ្យម របស់ប្រជាជនកម្ពុជា ក៏ដូចជាកំណើនដ៏ឆាប់រហ័ស នៃការវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងនោះរួមមានការវិនិយោគ ដោយក្រុមហ៊ុនថៃផងដែរ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីពង្រីកកំណើន និងទាក់ទាញការវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលសង្កត់ធ្ងន់លើការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ ក៏ដូចជាពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសគាំទ្រដល់ទីផ្សារដែលមានស្រាប់ ហើយក្នុងពេលតែមួយ បង្កើតទីផ្សារថ្មី ពង្រឹងមូលដ្ឋាននាំចេញ តាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំណើនដោយចីរភាព ដោយកាត់បន្ថយការពឹងផ្អែក លើការផ្ដល់នូវភាពអនុគ្រោះពន្ធគយជាឯកតោភាគី។
ជាមួយនោះផងដែរ តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាលក៏មានគោលដៅ ជាស្រេចក្នុងការប្រែក្លាយឧស្សាហកម្មកម្ពុជា ពីការពឹកផ្អែកលើពលកម្មគ្មានជំនាញ មកជាឧស្សាហកម្ម ដែលមានជំនាញខ្ពស់ នៅឆ្នាំ២០២៥។ ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏មានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលសង្កត់ធ្ងន់លើការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកប្រយោជន៍ ពីប្រភពនៃកំណើនថ្មីរួមទាំង បដិវត្តឧស្សាហកម្មទី៤ ជាដើម។
ទាក់ទងការវិនិយោគលោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវឲ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឲ្យបានរឹតតែច្រើនឡើងនៅប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយ លើកទឹកចិត្តជាច្រើនរបស់កម្ពុជា រួមទាំងវិធានការថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសម្រួលបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់បន្ថយចំណាយប្រតិបត្តិការមួយចំនួន និងកសាងរចនាសម្ព័ន្ធ ចាំបាច់សម្រាប់ធុរកិច្ច រួមមានថាមពល ហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្ត ។ល។ សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមានកសិ-ឧស្សាហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនថៃ តាមរយៈក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចូលរួមឲ្យបានពេញលេញនៅក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ក្រោមអធីបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីលើកជាកង្វល់ និងបញ្ហាប្រឈមនានា។
ក្រៅពីថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលានាពេលនោះ លោករដ្ឋមន្ត្រី ក៏បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗ របស់ថៃមួយចំនួនទៀតផងដែរ ដើម្បីផ្សព្វផ្សាយបន្ថែមពីកាលានុវត្តភាព បរិយាកាសធុរកិច្ច និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ។ សូមបញ្ជាក់ថាក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំ៩ប៊ីលានដុល្លារអាមេរិក៕