(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌចំការមននាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ ស្នើឱ្យមន្ត្រីទាំង ២០៩នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា មន្រ្តីសរុបចំនួន ២០៩នាក់ ចំណុះឲ្យការិយាល័យ អង្គភាពទាំង១១ ត្រូវបានទទួលស្គាល់សមហរណកម្ម តាមរយៈសេចក្តីសំរេចលេខ ១៤៦ស.ស.រ /គ.អ.ប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ សំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងរៀបចំមុខដំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋ បាលខណ្ឌចំការមន។
លោក ថេង សុថុល បានឲ្យដឹងថា ការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌចំការមននាពេលនេះ នឹងធ្វើឲ្យមន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញបន្តខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែសកម្មធ្វើឡើងថែមទៀត ក្នុងបុព្វហេតុដើម្បីបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ប្រកបដោយសន្តិភាពគណនេយ្យភាព និងមានតម្លាភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ឧត្តមគតិដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក នួន ផារ័ត្ន បានថ្លែងថា ជាមួយគ្នានឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលកំពុងតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការគាំទ្រចូលរួមយ៉ាងសកម្ម ពីប្រជាជន និងគ្រប់មជ្ឈដ្ឋាន, រាជធានីភ្នំពេញ បានដាក់ចេញទៅរដ្ឋបាលខណ្ឌ សង្កាត់ឲ្យខិតខំយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ស្របតាមគោលការណ៍កំណត់ប្រកបដោយប្រសិទ្ធភាព រហ័សនិងមានតម្លាភាព ដោយមានការិយាល័យប្រជាពលរដ្ឋ ជាអ្នកតាមដានត្រួតពិនិត្យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព។
ក្នុងបរិបថ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ចំពោះការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ សំដៅដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចមុខងារ និងផ្ទេរធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រងការប្រើប្រាស់សិទ្ធិអំណាច និង ធនធានទាំងនោះសម្រាប់ការផ្ដល់សេវានិងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព៕