(រតនគិរី)៖ បើតាមរដ្ឋបាលខេត្តរតនគិរីជូនដំណឹងថាលោក សាយ សាមាន ប្រធានស្តីទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវប្រកាសចូលកាន់តំណែងជាប្រធានផ្លូវការ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងទៅ តែត្រូវពន្យារពេលដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែថ្នាក់លើនៅតែមិនទាន់ប្រកាសចូលកាន់តំណែងជាផ្លូវការដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់។
ទាក់ទិញទៅនឹងការប្រកាសចូលកាន់តំណែងខាងលើនេះដែរ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី ធ្លាប់បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ពិតជាលើកពេលប្រកាសតែងតាំងលោក សាយ សាមាន ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន ២លើក ពិតប្រាកដមែន។
លោកថា «ការពេលនោះ គឺមិនមែនថាខេត្តជំទាស់អ្វីទេ គឺគ្រាន់តែមិនទាន់មានការជជែក យល់ព្រមរវាងក្រសួងសាម៉ី និងគណៈអភិបាលខេត្ត (ខុសនីតិវិធី) ដូច្នេះគណៈអភិបាលខេត្ត ត្រូវធ្វើ របាយការណ៍ដាក់ជូនទៅក្រសួងមុខងារសាធារណៈរួច ក្រសួងមុខងារសាធារណៈ ដាក់សំណើរសុំអនុសាសន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
អ្នកនាំពាក្យសាលាខេត្តរតនគិរីរូបនេះ បញ្ជាក់ឲ្យដឹងថា គណៈអភិបាលខេត្តរតនគិរី មានការការមមាញឹកពេក មិនទាន់ពេលគ្រប់គ្រាន់ ដើម្បីរៀបចំពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន។
តែទោះបីយ៉ាងនេះក្តី ក៏លោកអភិបាលខេត្ត បានទាក់ទងគ្នាតាមសារអេឡិចត្រូនិចជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនផងដែរ។ ដោយឡែក លោក សាយ សាមាន នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងថា ការពន្យាពេលប្រកាសកាន់តំណែងជាផ្លូវការចំនួន ២លើក លោកមិនដឹងមូលហេតុនោះទេ តែទំនងថ្នាក់ដឹកនាំគាត់រវល់មមាញឹកការងារពេក។
លោកថា សម្រាប់លោករាល់ថ្ងៃនេះ ខិតខំការងារស្នូល ដឹកនាំមន្ត្រីក្រោមឱវាទ ខិតខំជួសជុលផ្លូវក្នុងមូលដ្ឋាន និងផ្លូវជាតិសំខាន់ៗ ក្នុងរដូវប្រាំងនេះឲ្យហើយ តាមផែនការថ្នាក់លើប្រគល់ជូន។ ជាក់ស្តែងកំពុងមមាញឹកកសាងផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចំណុចបរកែវចាស់ ទៅទីរួមស្រុកអណ្តូងមាស ឲ្យរួចរាល់នាពេលខាងមុខ៕