(ភ្នំពេញ)៖ ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ឬ ASEAN Tourism Forum (ATF 2021)» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវលើកទឹកចិត្តដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងឡាយនៅកម្ពុជា ទាំងចាស់ថ្មី ទាំងតូចធំ សូមចូលរួមផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន នៅក្នុងវេទិកាទេសចរណ៍អាស៊ានខាងមុខនេះឱ្យបានគ្រប់គ្នា។
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងពិធីផ្សព្វផ្សាយជាផ្លូវការ «កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១» ក្រោមអធិបតីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
លោកបានសង្កេតឃើញថា បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍កែច្នៃ បានកកើតជាច្រើននៅទូទាំងប្រទេស ដូច្នេះលោកបានលើកទឹកចិត្ត យ៉ាងខ្លាំងចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងនោះ សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានគ្រប់គ្នា សំដៅរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ កាន់តែច្រើនឡើងទៅដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រីបានកត់សម្គាល់ដែរថា រៀងរាល់ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ទេសចរណ៍កន្លងទៅ រមណីយដ្ឋានទេសចរណ៍ភាគច្រើន មិនសូវបានចូលរួម ក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួនទេ ខណៈសក្ដានុពលទេសចរណ៍នៅកម្ពុជាមានច្រើនលើសពីការស្មាន ហើយមិនទាន់ត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយ។
លោកមិនចង់ឱ្យសក្ដានុពល និងផលិតផលទេសចរណ៍ដ៏ល្អៗទាំងនោះរសាត់ផុតពីព្រឹត្តិការណ៍ ATF 2021 ដែលជាឱកាសដ៏មហស្ចារ្យ សម្រាប់ការទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅកម្ពុជាមានសក្ដានុពលទេសចរណ៍ច្រើនណាស់ ដូចជា វប្បធម៌ទាំងរូបិយ និងអរូបិយ សម្បត្តិបេតិកភណ្ឌ តំបន់អេកូទេសចរណ៍ សមុទ្រ ទន្លេ ធនធានធម្មជាតិ ការញញឹមភាពរួសរាយពីធម្មជាតិរបស់ប្រជាពលរដ្ឋ ពោលអ្វីដែលប្រទេសដទៃអត់មាន កម្ពុជាមានច្រើនណាស់ គ្រាន់តែមិនទាន់មានការកែច្នៃ និងផ្សព្វផ្សាយតំបន់ទាំងនោះឱ្យមានភាពទាក់ទាញខ្លាំងក្លានៅឡើយ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើយើងរួមគ្នាធ្វើឱ្យស្អាត មានបដិសណ្ឋារកិច្ចល្អ សេវាល្អ គឺមានឱកាសច្រើនណាស់ក្នុងការទាក់ទាញភ្ញៀវ អាចនិយាយថាកម្ពុជាមានឧត្តមភាពប្រកួតប្រជែងខ្ពស់»។
សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) ជាព្រឹត្តិការណ៍ដ៏ធំលំដាប់ថ្នាក់តំបន់ ក៏ដូចជាពិភពលោកទាំងមូល ដែលក្នុងរយៈពេល ១០ឆ្នាំ ប្រទេសជាសមាជិក របស់អាស៊ានមានឱកាសរៀបចំបានតែម្ដងប៉ុណ្ណោះ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧-២៣ ខែមករា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតរួម»។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១នេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណជាង ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោក៕