(ពោធិ៍សាត់)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា, លោកស្រី ជុក សុផានី អនុប្រធានកិត្តិយសសាខា និងលោកស្រី ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ និងជាសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកាមួយចំនួន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈ ជូនគ្រួសារខ្សែភ្លើងឆក់ និងឆ្លងទន្លេដោយវៈកាត់ ស្ថិតនៅក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឧបាសិកា មាស ញ៉ឹប អាយុ៦៨ឆ្នាំ ត្រូវជាយាយបង្កើតគ្រួសាររងគ្រោះ បានឲ្យដឹងថា ចៅរបស់ស្រីរបស់គាត់ឈ្មោះ ធឿន រាម អាយុ២៤ឆ្នាំ បានឆ្លងទន្លេ កូនប្រុសដំបូង ដោយការវៈកាត់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។ តែអកុសល់ប្តីរបស់ចៅឈ្មោះ រស់ រ៉ា អាយុ២៥ឆ្នាំ មានមុខរបរផ្សារដែក បានទទួលរងគ្រោះថ្នាក់ខ្សែភ្លើងឆក់ ក្នុងខណៈឡើងផ្សារដំបូលដែក កាលវេលាម៉ោង០៧ និង៤៩នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រួចបញ្ជូនយកទៅព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយត្រូវបានកាត់ដៃទាំង២។
ឧបាសិកាបានបញ្ជាក់ទៀតថា គ្រួសារចៅរបស់គាត់ក្រីក្រខ្លាំងណាស់ គ្មានផ្ទះសម្បែង សព្វថ្ងៃរស់នៅលើដីអ្នកដទៃ ពឹងផ្អែកលើប្តីដែលមានមុខរបរផ្សារដែក តែឥឡូវពិការដៃទាំង២ កំពុងសម្រាកព្យាបាលទៀត ធ្វើឱ្យគ្រួសារមួយនេះកាន់តែជួបបញ្ហាកង្វះខាតធ្ងន់ធ្ងរទ្វេរឡើង។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការមហាជន ដែលបានបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមជាកម្លាំងគាំទ្រ និងអនុវត្តគោលការណ៍១១(ខ) និងមានទស្សនៈវិស័យរបស់ខ្លួន គឺអ្វីៗទាំងអស់ដើម្បីសុខមាលភាពរបស់ស្រ្តី និងកុមារនៅក្នុងសហគមន៍។
ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីបញ្ហាប្រឈមខ្លាំងនោះ សាខាសមាគមនារី ខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចុះមកដល់ទីកន្លែង ដើម្បីបានដឹង បានឃើញ និងស្វែងយល់អំពីស្ថានភាពរស់នៅ របស់គ្រួសាររងគ្រោះ និងមានវិធានការណ៍ឆ្លើយតប ឱ្យបានទាន់ពេលវេលា។
ឆ្លងតាមរយៈនៃការចុះសួរសុខទុក្ខនេះ លោកស្រីបានជម្រាបជូនថា បងប្អូនរស់នៅសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចមូលដ្ឋាន ហេតុនេះបើមានករណីអ្វីកើតឡើង គប្បីផ្តល់ដំណឹងជាបន្ទាន់ ដើម្បីឱ្យជំនាញ និងស្ថាប័នពាក់ព័ន្ធឲ្យបានឆាប់រហ័ស ងាយស្រូលក្នុងការដោះស្រាយ។
លោកស្រីក៏បានជម្រាបជូនដែរថា ស្វាមីដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅរាជធានីភ្នំពេញនោះ ត្រូវបានលោកស្រី កត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានយកចិត្តទុកដាក់ និងជួយទំនុកបំរុង គ្រប់បែបយ៉ាង។
ដោយឡែកចំពោះក្មួយស្រីត្រូវជាភរិយា គប្បីយកចិត្តទុកដាក់ ខិតខំថែរក្សាសុខភាព ទទួលទានអាហារប្រកបដោយអនាម័យ ពោលគឺហូបស្ងាត ផឹកស្អាត និងរស់នៅស្អាត ចិញ្ចឹមកូនឱ្យមានសុខភាពល្អ បើមានករណីអ្វីកើតឡើង ត្រូវរាយការណ៍ដល់រដ្ឋអំណាចមូលដ្ឋាន។
ក្នុងឱកាសនោះ ប្រតិភូបានផ្តល់ជូននូវថវិកា ចំនួន១លាន៨ម៉ឺនរៀល ក្រៅពីនោះមានអង្ករ៥០គីឡូក្រាម មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ត្រីខ ទឹកដោះគោ និងសារុង ដល់គ្រួសារក្មួយស្រី ធឿន រាម នាពេលនោះផងដែរ៕