(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ទទួលបានការជួលឧបត្ថម្ភផ្លូវចាក់បេតុងមួយខ្សែ ដែលមានបណ្តោយ១២៤ម៉ែត្រ និងទទឹង៨,៥០ម៉ែត្រ កំរ៉ាស់១តឹក ពីលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ឋកម្មកំពង់ធំ ព្រះវិហារ ដោយសកម្មភាព នៃការចាក់បេតុង ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងអំណរគុណលោកឧញ៉ា ហេង សំណាង ដែលជួយដោះស្រាយ និងយកចិត្តទុកដាក់ចូលរួមកសាងអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏ដូចជាជួយផ្នែកសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយសូមអគុណអភិបាលខេត្តកំពង់ធំ និងសប្បុរសជន ដែលចូលរួមឧបត្ថម្ភគាំទ្រ ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា រាល់ការប្រជុំនានានៅក្នុងអង្គភាព គឺតែងតែណែនាំផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវចាត់ទុកកន្លែងធ្វើការ ជាកន្លែងជម្រកទី២ បន្ទាប់ពីផ្ទះរបស់ខ្លួន និងត្រូវថែរក្សាសម្អាតអនាម័យ ដើម្បីសុខភាព បើកាលណាខ្វះអនាម័យនាំឲ្យខូចសុខភាព និងបាត់បង់ថវិកា ក្នុងការរក្សាព្យាបាលជំងឺទៀតផង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានសំណូមពរដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់ កុំគិតថាបញ្ហាគ្រឿងញៀន ជារបស់អ្នកណាម្នាក់ គឺត្រូវចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា បើគ្មានការសហការ ពីបងប្អូនប្រជាពលរដ្ឋទេ បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម និងកូនចៅរបស់លោកអ្នកមិនខានឡើយ។
ក្នុងនោះដែរ លោកសូមអំពាវនាវដល់មហាជនគ្រប់សម្រទាប់វណ្ណៈ មេត្តាចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កើតឡើងពេលបើកបរសូមពាក់មួកសុវត្ថិភាព ត្រួតពិនិត្យ បច្ចេកទេសយានយន្ត គោរពគំនូសផ្លាកសញ្ញាចរាចរណ៍ ដើម្បីសុខសុវត្តិភាពជាចម្បង។
មន្រ្តីរាជការកងកម្លាំងមហាជននៅក្នុងខេត្តកំពង់ធំ បានកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានប្រែក្លាយទីតាំងស្នងការ ដែលពីមុនមានតែព្រៃដុះជុំជិត ប្រកបដោយស្រះទឹក និងផ្លូវអន្លង់បាយខុម មកប្រែក្លាយជាកន្លែងធ្វើការ ដ៏មានផាសុខភាព ផ្លូវបេតុង ចាក់សាបមុខបរិវេណ នៃស្នងការ បង្កើតសួនច្បារ បន្ថែមនូវអាគារថ្មីៗជាច្រើនខ្នង មានការរៀបចំទុកដាក់ រថយន្ត ម៉ូតូ មានសណ្តាប់ធ្នាប់ និងបានធ្វើឲ្យក្លាយជាកន្លែងបណ្តុះបណ្តាល នូវចិត្តសាស្រ្ត សម្រាប់ប្អូនៗជាកងកម្លាំងយកជាគំរូតាម នៃការដឹកនាំនៅថ្ងៃអនាគត។
ជាមួយគ្នានេះ ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ បានលើកឡើងថា ដើម្បីចូលរួមចំណែក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យទទួលបានល្អប្រសើរ ក៏ដូចជាការតបស្នង នៃការស្នើរសុំរបស់លោកស្នងការនគរបាលខេត្តកំពង់ធំ គឺបានជួយសាងសង់ផ្លូវបេតុង ចាប់ពីចំណតរថយន្តពន្លត់អគ្គីភ័យ មកដល់ខ្លោងទ្វារធំ ក្នុងគោលបំណងសម្រួលដល់ការចេញអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គីភ័យ បម្រើជូនដល់ ប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានចំណាយថវិការប្រមាណជាង១៣,០០០ដុល្លារ៕