(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងប្រាក់គោលនយោបាយសោធន៍ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់២សប្តាហ៍ លើកទី១ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់២សប្តាហ៍លើកទី១ នឹងត្រូវបើកចាប់ពី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ»។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕