(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស បានសម្រេចផ្តល់ជំនួយ ៦លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រលើការងារដោះមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជំនួយរបស់ស្វីសត្រូវបានបង្ហាញឡើងតាមរយៈ លោកស្រី Carin SALERNO ឯកអគ្គរដ្ឋទូតថ្មីប្រទេសស្វីសប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រីជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមក ដែលរដ្ឋាភិបាលស្វីសបានផ្តោតជាសំខាន់ ទៅលើវិស័យសុខាភិបាល ជាវិស័យមួយដែលពាក់ព័ន្ធទៅនឹងសុខភាពកុមារ។ លោកស្រី Carin SALERNO បានថ្លែងថា ស្វីសនៅតែបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីជាសព្វថ្ងៃមន្ទីរពេទ្យនេះ ដឹកនាំដោយខ្មែរក៏ដោយ។
លោក កុយ គួង បានបញ្ជាក់បន្តថា «ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្វីសបានផ្តល់ហិរញ្ញវត្ថុដល់វិស័យដោះមីន ៣,៤៥០,០០០លានដុល្លារអាមេរិក។ ស្វីសបន្តជួយ ដល់វិស័យដោះមីន ៦លានហ្វ្រង់ស្វីសបន្ថែមទៀត សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកំណត់គោលដៅឲ្យអស់មីន»។
អ្នកនាំពាក្យដដែល បានរំលឹកផងដែរថា រដ្ឋាភិបាលស្វីស បានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ ១៩៩៤ មកម្លេះ។ រហូតមកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាប្រមាណ ៦០លានហ្វ្រង់ស្វីស ដែលប្រហែលនឹង ៦០លានដុល្លារអាមេរិក។
ឆ្លៀតក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលកន្លងមកបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ច ជាពិសេសគឺផ្នែកសុខាភិបាល ជួយមន្ទីរពេទ្យគន្ធបុប្ផាកន្លងមក។ លោកក៏បានអរគុណ ដល់រដ្ឋាភិបាលស្វីស ដែលបានជួយលើការងារដោះមីន ដែលវិស័យនេះរដ្ឋាភិបាលស្វីសនៅតែបន្តជួយ។
លោកប្រមុខការទូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផានេះ មានដំណើរការរហូត ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលយើង ចូលរួមវិភាគទានដែរ ក្នុងមួយឆ្នាំៗ ១០លានដុល្លារអាមេរិក ហើយជាងនេះទៅទៀត កម្ពុជាមានមូលនិធិគន្ធបុប្ផាផងដែរ ដែលបរិច្ចាគប្រមាណ ៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ខណៈកាកបាទក្រហមកម្ពុជាក៏បរិច្ចាគ ១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗផងដែរ។
បើតាមលោក កុយ គួង, ស្វីសមានចំណាប់អារម្មណ៍លើវិស័យកសិកម្ម ជាពិសេសសុវត្ថិភាពស្បៀងអាហារ ដែលស្វីសបានផ្តល់ជំនួយហិរញ្ញវត្ថុខ្លះ ជាពិសេសខាងជំនួយបច្ចេកទេស ទៅតាមខេត្តសំខាន់ៗ ដែលផលិតស្រូវអង្ករបានល្អ ធ្វើឲ្យស្រូវទទួលបានផលល្អ និងបានច្រើន។ ជាមួយគ្នានេះ ស្វីសក៏ជួយលើការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ហើយសម្រាប់ផ្នែកអភិបាលកិច្ច កន្លងមកលោកស្រី បានធ្វើការជាមួយក្រសួងមហាផ្ទៃ ដើម្បីជួយដល់គម្រោងដែលគេហៅថា វិមជ្ឈការ។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅពេលខាងមុខទៀត ដែលពិនិត្យឃើញថា បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងស្វីសនិងកម្ពុជា មានលក្ខណៈឡើងចុះ មានន័យថា ឆ្នាំខ្លះខ្ពស់ ឆ្នាំខ្លះទាប។ ជាពិសេសបើគេពិនិត្យលើឆ្នាំ២០១៨ ឃើញខ្ពស់ប្រមាណ ១០០លានដុល្លារ ខណៈឆ្នាំ២០១៧ មានតែ ២០លានដុល្លារ ហើយឆ្នាំ២០១៩ ឃើញធ្លាក់បន្តិចវិញ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «ចំណុចនេះហើយ ដែលធ្វើឲ្យភាគីទាំងពីរ រកវិធីធ្វើឲ្យមានកំណើនជាលំដាប់។ អញ្ចឹងលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីធ្វើឲ្យទំហំវិនិយោគកើន បានសន្យថា ឆ្នាំ២០២០នេះ លោកស្រីនឹងដឹកនាំប្រធានក្រុមហ៊ុនធំៗ របស់ស្វីសចូលមកកម្ពុជា ដើម្បីពិនិត្យមើលសក្តានុពលផ្នែកវិនិយោគ»។
ពាក់ព័ន្ធនឹងបញ្ហាមួយទៀត គឺវិស័យទេសចរណ៍ ដែលភាគីទាំងពីរក៏បានពិនិត្យមើលអំពីវិធីសាស្ត្រ ដើម្បីឲ្យអ្នកទេសចរស្វីស ចូលមកកម្ពុជាឲ្យបានច្រើន ដែលជាកត្តាមួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងនោះ លោកស្រីជំរុញថា នឹងឲ្យមានការបណ្តុះបណ្តាល ភ្នាក់ងារទេសចរណ៍កម្ពុជាផងដែរ។
ក្នុងជំនួបព្រឹកមិញនេះ លោក ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាអបអរសាទរ ដែលលោកស្រីត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីប្រទេសស្វីសប្រចាំកម្ពុជាយើង។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមកកម្ពុជា និងស្វីសមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ហើយសង្ឈឹមថា វត្តមានរបស់លោកស្រី ក្នុងមានជាឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនង កម្ពុជានិងស្វីស កាន់តែប្រសើរឡើងថែមទៀត ហើយលោកបានបញ្ជាក់ថា កម្ពុជាត្រៀមគាំទ្រ ដល់បេសកកម្មការងាររបស់លោកស្រីផងដែរ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ ហើយលោកស្រីបានបញ្ជាក់ថា លោកស្រីពិតជាមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត មកធ្វើការនៅប្រទេសកម្ពុជាយើងនេះ។ លោកស្រីថ្លែងថា ភារកិច្ចលោកស្រី នឹងធ្វើយ៉ាងណាឲ្យទំនាក់ទំនង ដែលមានស្រាប់តាំងពីឆ្នាំ១៩៦៣មក កាន់តែឲ្យទំនាក់ទំនងមានភាពរឹងមាំ និងស៉ីជម្រៅបន្ថែមទៀត។
កន្លងមកលោកស្រី ក៏បានតាមដានដំណើរការអភិវឌ្ឍន៍នានា នៅក្នុងប្រទេសយើងផងដែរ ហើយលោកស្រីក៏បានបញ្ជាក់ដែរថា ទោះបីស្ថានទូតស្វីសនៅទីក្រុងបាំងកក ប្រទេសថៃក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះ ស្វីសមានការិយាល័យសហប្រតិបត្តិការ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការងារផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ស្វីសក៏មានទីភ្នាក់ងារកិច្ចការកុងស៊ុល នៅក្នុងប្រទេសយើងផងដែរ ដើម្បីជួយសម្រួលដល់ការងារដែលប្រជាជន ឬក៏អ្នកទេសចរស្វីស៕