(ភ្នំពេញ)៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរអូស្ត្រាលី ប្រមាណជា២២ម៉ឺននាក់ បានដាក់សុំវីសាមកលេងកម្ពុជា ហើយនៅក្នុងឆ្នាំ២០២០នេះក៏មានការផ្លាស់ប្តូរនិស្សិតអូស្ត្រាលីមករៀននៅកម្ពុជា រយៈពេលខ្លីពី ៣ខែ ទៅ៩ខែ មានចំនួន ៥៥៣នាក់ផងដែរ។
លោកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់យ៉ាងដូចនេះ ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជាមួយគ្នានោះដែរលោកឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើវិស័យដឹកជញ្ជូននៅកម្ពុជា ដែលវិស័យនេះលោកថានឹងជំរុញអ្នកវិនិយោគអូស្ត្រាលីឲ្យមកវិនិយោគលើវិស័យនេះ។ ទាក់ទងខាងវិស័យកសិកម្មវិញ ភាគីទាំងពីរក៏បានពិភាក្សា ដែលកន្លងមកអូស្ត្រាលីបានជួយវិស័យនេះថាធ្វើយ៉ាងណាឲ្យប្រជាកសិករកម្ពុជា បានបង្កបង្កើនផល បានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាបង្កបង្កើនផលឲ្យបានផលច្រើន។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា អូស្ត្រាលីនឹងបន្តផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាយើង ក៏ប៉ុន្តែការផ្តល់ជំនួយលើកនេះ គឺអូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និត ជាមួយរាជរដ្ឋាភិបាលយើង មានន័យថាបើផ្តល់ជំនួយដល់វិស័យសុខាភិបាល អូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាល បើផ្នែកបណ្តុះបណ្តាល ធនធានមនុស្ស នឹងធ្វើការរួមគ្នាយ៉ាងជិតស្និត ជាមួយក្រសួងអប់រំ។
សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ៦,៦១០,៥៩២នាក់ ដែលកើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះដែរភ្ញៀវទេសចរអូស្ត្រាលី ដែលបានមកលេងនៅក្នុងប្រទេសកម្ពុជាមានចំនួន ១២៣, ២៥៣នាក់ ផងដែរ៕