(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ ពុទ្ធីវុធ សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាជិក សមាជិកានៅក្នុងក្រុម “ឈ” បានញ៉ាំងឱ្យប្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្នុងស្មារតីនៃកិច្ចសហការខ្ពស់ និងការផ្សាផ្សាភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន និងដៃគូឯកជនពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីតាមដានពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងប្រមូលយកធាតុចូលសំខាន់ៗ ពីគ្រប់តួអង្គពាក់ព័ន្ធ រួចដាក់ចេញជាយន្តការដោះស្រាយ នូវរាល់បញ្ហាដែលជាឧបសគ្គ ក្នុងដំណើរការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ឱ្យបានទាន់ពេលវេលា សមស្រប មានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ឈានឆ្ពោះទៅបង្កើនផលិតភាពផលិតកម្មស្រូវ-អង្ករ ប្រកបដោយគុណភាពការប្រកួតប្រជែង និងកែច្នៃ ដើម្បីឈានទៅសម្រេចគោលនយោបាយ នៃការនាំចេញមាសស របស់រាជរដ្ឋាភិបាលឱ្យបាន១លានតោននាពេលអនាគត។
ជាលទ្ធផល សំនួរ សំណូមពរ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផលិត ផលិតភាព និងចែកចាយនៃពូជស្រូវគ្រិះ ការចរាចរណ៍ ប្រើប្រាស់ និងគ្រប់គ្រងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នីតិវិធី លក្ខខណ្ឌតម្រូវ និងសារៈសំខាន់នៃអនាម័យ និងភូតគាមអនាម័យ ចំពោះវិស័យកសិកម្មទាំងមូល វិសាលភាពនៃមន្ទីរពិសោធន៍ពូជស្រូវ ត្រូវបានឆ្លើយ និងដោះស្រាយដោយសហប្រធាន និងស្ថាប័នជំនាញក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ដោយឡែកសំណូមពរ និងបញ្ហាចំបងៗមួយចំនួនទៀត ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលហួសពីសមត្ថកិច្ច ឬសិទ្ធិអំណាចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិត រួមទាំងសំណូមពរដាក់ ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូមជម្រាបថា សមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងវិស័យស្រូវ-អង្ករ សម្រាប់ឆ្នាំ២០១៩ រួមមាន៖
ទី១. ការនាំចេញអង្ករជាផ្លូវការ មានចំនួនជាង ៦២០,១០៦តោន ទៅកាន់ទីផ្សារចំនួន៦១ប្រទេស។
ទី២. ចំពោះប្រតិបត្តិករនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន មកទល់ពេលនេះ មានការចូលរួមពីផ្នែកឯកជនចំនួន២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះ សហគ្រាសចំនួន១៨ទៀត ត្រូវបានទទួលការអនុញ្ញាតនំាអង្ករ ចេញទៅកាន់ប្រទេសចិនផងដែរ សរុប៤៤សហគ្រាស។
ទី៣. ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មីមួយទៀតឈ្មោះថា សែនក្រអូប០១ ដែលបានជ្រើសរើសតាមបច្ចេកទេសពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារ.
ទី៤. បានបង្កើត៧៤សហគមន៍កសិកម្មបន្ថែមទៀត ធ្វើឱ្យចំនួនសហគមន៍កសិកម្មសរុប នៅទូទាំងប្រទេសកើនឡើងដល់១,១៩០សហគមន៍៕