Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានការិយាល័យអប់រំស្រុកឈូក ខេត្តកំពត បើករថយន្ដបុកមនុស្សស្លាប់ម្នាក់ រត់គេចខ្លួនមិនចូលដោះស្រាយ, គ្រួសារជនរងគ្រោះ អំពាវនាវថ្នាក់ដឹកនាំជួយរកយុត្តិធម៌

12-02-2020 14:58

(កំពត)៖ ប្រធានការិយាល័យអប់រំស្រុកឈូក ខេត្តកំពត លោក ចេង ប្រាង បើកបររថយន្តយ៉ាងលឿនបុកជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសម្នាក់ ហើយមិនព្រមចូលខ្លួនមកដោះស្រាយ ទៅតាមនីតិវិធីច្បាប់ ថែមទាំងបោះសម្តីប្រមាថមើលងាយជនរងគ្រោះថា បុកមនុស្សស្លាប់បង់តែ ៣លានរៀល គឺជាការគ្រប់គ្រាន់ហើយ។

យោងតាមសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅភូមិខ្នាញរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដែលបង្កឡើងដោយរថយន្ត ម៉ាក់ហាយឡែនឌឺ ពាក់ផ្លាកលេខភ្នំពេញ2X-4536 បើកបរដោយឈ្មោះ ចេង ប្រាង មានតួនាទីប្រធានការិយាល័យអប់រំស្រុកឈូក អមដំណើរដោយស្រ្តីម្នាក់ និងក្មេងម្នាក់ បានធ្វើដំណើពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពាក់ស្លាលេខកំពត1N-4326 ដែលកំពុងឈប់នៅស្ងៀមនៅ ខាងត្បូងថ្នល់ ដែលមានអ្នកជិះចំនួនពីរនាក់ប្តីប្រពន្ធ ដោយក្នុងនោះបានបណ្តាលឲ្យម្នាក់ស្លាប់ ត្រូវជាប្រពន្ធ និងប្តីរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ ប៉ាង សាមឿន ហៅយាយអ៊ិត ត្រូវជាប្រពន្ធ និងអ្នករងរបួសមាន ឈ្មោះ កែប មុំ ត្រូវជាប្តីខណៈពេលនេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

តាមសម្តីកូនរបស់ជនរងគ្រោះ បានឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតភ្លាមៗ គេបានឃើញជនបង្កដែលបើកបររថយន្ដខាងលើនេះ ត្រូវបានរត់គេចខ្លួនដោយមានឈ្មោះ ហ៊ុន ស៊ីណារ៉េត ហៅខាក មានតួនាទីជា នាយកសាលាអនុវិទ្យាល័យក្រាំងស្នាយ ជាអ្នកដឹកជនបង្ករត់គេចខ្លួន។

ដោយករណីនេះ បានកើតឡើងជិតពីរសប្តាហ៍ហើយ ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអធិការស្រុកឈូក ដើម្បីនាំជនបង្កមកដោះស្រាយ ប៉ុន្តែរហូតមកដល់ ពេលនេះជនបង្កនៅតែមានសេរីភាព ហើយថែមទាំងបោះសម្តីប្រមាថមើលងាយជនរងគ្រោះ ថាបុកខ្មោចស្លាប់ គឺបង់តែ៣លានរៀល ខណៈក្រុមគ្រួសារទាមទារសំណងចំនួន១៦០លានរៀល។

យ៉ាងណាក៏ដោយ ក្រុមគ្រួសារជនរងគ្រោះ បានធ្វើការអំពាវនាវដល់ស្នងការនគរបាលខេត្តកំពត ក៏ដូចជា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ខណៈករណីនេះហាក់បី ដូចជានៅស្ងាត់ស្ងៀមមិនទាន់ដំណោះស្រាយណាមួយ សមស្របនៅឡើយទេ៕