(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានឱ្យក្រសួង ធ្វើការជាមួយក្រុមហ៊ុនឯកជន ដើម្បីធ្វើការទម្លាក់ខ្សែកាប្លិ៍ដែលនៅលើអាកាសទាំងអស់នោះ មកដាក់នៅក្រោមដីវិញ។
ការបញ្ជាក់របស់រដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីចុះចុះអនុស្សរណយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន CFOCN នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ភាគីក្រសួងដោយលោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍កម្ពុជា និងលោក Lou Gang នាយកប្រតិបត្តិក្រុមហ៊ុន CFOCN។
លោក ត្រាំ អ៊ីវតឹក បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយបានរាប់បញ្ជូនទាំងវិស័យទូរគមនាគមន៍ផងដែរ និងបានបង្កើតឱ្យមានបរិយាកាស មួយប្រកបការប្រកួតប្រជែង និងបរិយាប័ន្ន។
ជាមួយគ្នានេះ កាចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន CFOCN បង្ហាញជាដៃគូររួមគ្នា ក្នុងការកសាងបណ្តាញអុបទិចនេះ ហើយនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់វិស័យ ទូរគមនាគមន៍ និងព័ត៌មានឱ្យកាន់តែមានសន្ទុះ កាន់តែលឿន និងដើរទាន់ការរីកចំរើន នៃបច្ចេកវិទ្យារបស់ប្រទេសនៅក្នុងតំបន់ ប្រកបដោយភាពជោគជ័យផងដែរ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ទៀតថា «ទន្ទឹមនឹងនេះ ក៏មានបញ្ហានៅតាមទីក្រុង ដោយសារនៅពេលដែលគេនិយមប្រើខ្សែកាប្លិ៍អុបទិកនេះ តភ្ជាប់ចូលទៅក្នុងផ្ទះ ហើយដើម្បីធ្វើវាឱ្យទាន់ ពេលវេលា ក្រុមហ៊ុនខ្សែកាប្លិ៍បានព្យួរនៅលើអាកាស ក្នុងនោះដែរនៅពេលដែលការប្រើប្រាស់ កាន់តែច្រើនទៅនោះ វាបានធ្វើឱ្យខូចសោភ័ណ្ឌភាពនៅតាមទីក្រុង ហើយវាក៏អាចនឹងបង្ករឱ្យទៅ ជាគ្រោះថ្នាក់ ដោយយថាហេតុផងដែរ»៕