(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ ការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានអស់ពីទណ្ឌកម្មផ្លូវច្បាប់។
ការក្រើនរំឮកបែបនេះ របស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជិត៣០០នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ទី១៖ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ ទី២៖ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។
លោក ខៀវ កាញារីទ្ធ បានបន្តថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។
«ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ទី១៖ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឱ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា» នេះជាការលើកឡើងបន្ថែមរបស់លោក ខៀវ កាញារីទ្ធ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ ក៏ប៉ុន្តេ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ។
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយ ផ្សព្វផ្សាយនោះទេ។
បើតាមលោក សារ៉េត ជាអ្នកសារព័ត៌មានមួយរូប នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ វាបានក្លាយជាបញ្ហាប្រឈមខ្លាំង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែយើងដឹងថា អ្នកសារព័ត៌មានហាក់បីដូចជាអ្នកនាំពាក្យ របស់ក្រសួងស្ថានប័ននីមួយៗអីចឹង។ ព្រោះការផ្សាព្វផ្សាយ របស់បណ្តាញព័ត៌មាននានា បានផ្សព្វផ្សាយនៅទូទាំងពិភពលោក មិនមែនតែក្នុងប្រទេសកម្ពុជាមួយនោះទេ ដូច្នេះការផ្សព្វផ្សាយព័ត៌មានមួយ ដែលមិនគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ វានឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង មានការយល់ច្រឡំ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាដើម។
លោក សារ៉េត បានបន្តថា ក្នុងនាមជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ គួរគប្បីធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មាន ឱ្យគ្រប់ជ្រុងជ្រោយ ហើយមិនអាចយកព័ត៌មានគ្រាន់តែឮតៗគ្នា ពីសំណាក់ប្រជាពលរដ្ឋ ហើយយកទៅផ្សព្វផ្សាយបន្តវានឹងធ្វើឱ្យប្រភពព័ត៌មាននេះមិនគ្រប់ជ្រុងជ្រោយ។ ដូច្នេះព័ត៌មានមិនពិត បានបង្កហានិភ័យ និងជះឥទ្ធិពលអាក្រក់ ដល់ជាតិ។
លោកសង្ឃឹមថា ក្រសួងព័ត៌មាន និងស្ថាប័នពាក់ទាំងអស់ នឹងមានវិធានការបន្ថែមទៀត ដើម្បីដាក់ទោសទណ្ឌ ដល់អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។ លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ៕