(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកដំណើរការសាខាថ្មី២បន្ថែមទៀត ដើម្បីបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន។ មួយសាខា ស្ថិតក្នុង ជីប ម៉ុង បាក់ទូក និងមួយសាខាទៀត ស្ថិតនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើសេវាកម្មធនាគារដ៏សំបូរបែបជូនអតិថិជន។
លោកអ្នកអាចអញ្ជើញមកសាខាថ្មីទាំង២នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានា ជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីលើនេះ សាខាក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៉ីនដាក់/ដកប្រាក់ សម្រាប់អតិថិជនធ្វើប្រតិបត្តិការដក ឬដាក់ប្រាក់បានគ្រប់ពេលវេលា។
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានថ្លែងថា ការបើកសាខាថ្មី២នេះ ជាសមិទ្ធិផលមួយនៃគម្រោងពង្រីកសាខាឲ្យបានពាសពេញផ្ទៃប្រទេស របស់ធនាគារ ជីប ម៉ុង។ អតិថិជនអាចអញ្ជើញមកបើកគណនី ឬប្រើប្រាស់សេវាកម្ចីនានា ដែលមានរយៈពេលអនុម័តដ៏ឆាប់រហ័ស ទាន់តម្រូវការរបស់អតិថិជន។
ធនាគារ ជីប ម៉ុង សាខាបាក់ទូក ស្ថិតនៅជាន់ទី១ នៃអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ផ្ទះលេខ១៧៤ មហាវិថីសាធារណរដ្ឋឆេក សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ និងធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ផ្ទាល់ដីនៃមជ្ឈមណ្ឌលផ្សារទំនើប ណូរ៉ូ ម៉ល ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ធនាគារ ជីប ម៉ុង មានសាខាសរុបទាំងអស់៧ ដែលបានកំពុងបម្រើសេវាកម្មជូនអតិថិជន ហើយក៏មានសាខាជាច្រើនទៀត គ្រោងបើកទ្វារបន្ថែម ក្នុងឆ្នាំ២០២០នេះផងដែរ៕