(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ថវិកាបន្ថែមទៀត សម្រាប់ជួយដោះម៉ីននៅកម្ពុជា។ ជប៉ុន ក៏កំពុងពិចារណាផ្តល់ថវិកាសម្រាប់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅឆ្នាំ២០២០នេះ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ផងដែរ។
ការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានធ្វើឡើងក្នុងពេលញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្នុងជំនួបនេះលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណា ផ្ដល់ថវិកាជួយកម្ពុជា ទិញរថយន្ត និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២នេះ។
លោកេកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នជប៉ុនកំពុងតែសហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ ជប៉ុន ក៏កំពុងជួយរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជា នឹងបន្តជួយដល់កម្ពុជាលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយកម្ពុជា ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ាន ទទួលបានជោគជ័យ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់ឱ្យសំណង់។
សម្ដេចបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជា ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជាមានកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។ ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា៕