(ភ្នំពេញ)៖ តំណាងរាស្ត្រមន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានសរុបចំនួន ប្រមាណ៥០០នាក់ នឹងចូលរួមកម្មវិធីបោះតង់ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ (ថ្ងៃទិវានៃក្តីស្រឡាញ់) និង ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅទីស្នាក់ការព្រះអាទិត្យ នៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។
ព្រឹត្តិការណ៍បោះតង់នេះ បានរៀបចំធ្វើឡើងតដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «ថ្ងៃនៃក្តីស្រឡាញ់ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» Valentine’s Prey Lang នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះនិងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ នេះជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកថានៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ ដល់អ្នកចូលរួមផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែង បានថ្លែងថា គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន ដើម្បីបណ្តុះស្មារតីស្រឡាញ់ ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្ស ធនធានធម្មជាតិដែលយើងមាន។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជា មានឱកាសគ្រប់គ្រាន់ គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។
គួរបញ្ជាក់ថា ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្ស របស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ ចូលរួមសកម្មភាពការពារ និងអភរិក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាត ឱ្យប្រជាសហគមន៍មានសិទ្ធិ ក្នុងការប្រើប្រាស់ និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូន នៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦លានដុល្លារ។ ក្រុមការងារបច្ចេកទេស ក៏បាននឹងកំពុងសិក្សាបន្ថែមលើទិន្នន័យការបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយជាមួយវិធានការ និងការពារបានល្អប្រសើរ កម្ពុជារំពឹងថានឹងអាច លក់ឥណទានកាបូនក្នុងពេលឆាប់ៗ ពីដែនជម្រកសត្វព្រៃព្រៃឡង់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលដែលកម្ពុជា អាចលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តបាននេះ គឺបង្ហាញយ៉ាងច្បាស់ ពីប្រសិទ្ធភាព នៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្ត កាន់តែខ្លាំងថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព បទល្មើសធនធានធម្មជាតិ ទាំងឡាយត្រូវបានបង្ក្រាប ទាន់ពេលវេលា។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃ ដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា រួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារ និងអភរិក្ស ធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជា អាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីរក្សាបានឈើឈរ និងលក់ឥណទានកាបូន។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះ កម្ពុជាអាចធ្វើបានហើយ និងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ របស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងមានលទ្ធភាពគិតគូរបន្ថែម លើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍៕