(ភ្នំពេញ)៖ ទោះបីជាគណៈកម្មការអឺរ៉ុប សម្រេចព្យួរ សម្រេចដក ឬសម្រេចមិនព្យួរ សម្រេចមិនដកទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងតែអាវុធ ហៅកាត់ EBA ពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ហើយចាប់អនុវត្តនៅចុងឆ្នាំ២០២០ ក៏ដោយ ក៏ភាពជូនគ្នានៃការខ្វះប្រភពវត្ថុធាតុដើម ពីប្រទេសចិន និងភាពប្រុងប្រយ័ត្នពីការរាលដាលនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឈ្មោះថា កូរ៉ូណាថ្មី ចំពោះអ្នកវិនិយោគចិន ទេសចរចិន រួមទាំងទេសចរដ៏ទៃផង ពិតជាបណ្តាលឱ្យវិស័យមួយចំនួននៅប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ជាពិសេសកម្មករជួបបញ្ហា មួយចំនួនដោយចៀសមិនផុត។
តាមសេចក្ដីថ្លែងការណ៍, គណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ថា ក្នុងបរិយាកាសដ៏ស្មុគស្មាញនេះ គណបក្សឆន្ទៈខ្មែរ សូមចូលរួមចំពោះភាពមមាញឹករបស់ រាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវ ក្នុងការរិះរក និងប្រើប្រាស់ គ្រប់មធ្យោបាយជួយសម្រាលបន្ទុកផលវិបាកនានា ដែលកម្ពុជា និងប្រជាពលរដ្ឋខ្មែរជួបប្រទះ។
ទន្ទឹមនេះ គណបក្សឆន្ទៈខ្មែរ ក៏មានឆន្ទៈសូមឱ្យសហភាពអឺរ៉ុប បណ្តាប្រទេស និងមជ្ឈដ្ឋានជាតិ-អន្តរជាតិ ជួយលើកទឹកចិត្ត និងបង្កភាពកក់ក្តៅដល់ប្រទេសម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីពុះពារឧបសគ្គគ្រប់បែបយ៉ាង ពិសេសសូមជួយឱ្យរួចចាកផុតពីភាពវឹកវរ ចលាចលខាងនយោបាយ និងសិទ្ធិមនុស្ស ដើម្បីតែផលប្រយោជន៏ខ្មែរ និងបក្ខពួក។
គណបក្សឆន្ទៈខ្មែរ មានជំនឿថា កម្ពុជា និងប្រជាពលរដ្ឋខ្មែរអាចតស៊ូឆ្លងកាត់ការលំបាកមុខទាំងឡាយ ហើយបន្តស្ថិរភាពការអភិវឌ្ឍដោយសុខចម្រើន រៀងដរាបតទៅ៕