(កណ្តាល)៖ លោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានប្រាប់មន្ត្រីមូលដ្ឋាន ត្រូវយកតួនាទីរបស់ខ្លួនប្រើឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈត្រូវទទួលយក និងដោះស្រាយតាមសំនូមពររបស់ពលរដ្ឋដោយការទួលខុសត្រូវ និងទឹកមុខប្រកបដោយកាយវិការស្មោះត្រង់ និងស្វាគមន៍។
លោកអភិបាលខេត្តបានលើកឡើងយ៉ាងដូច្នេះ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ចំនួន១០២រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
លោកបណ្ឌិត ម៉ៅ ភិរុណ បានបន្តថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងតាខ្មៅនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោកសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ ស្នេីឱ្យមន្ត្រីដែលបានប្រកាសចូលកាន់មុខតំណែងទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបន្តថា ត្រូវខិតខំបម្រើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ ជាងនេះទៀត ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួចឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅមូលដ្ឋានក្រុងតាខ្មៅ។
លោកបណ្ឌិត ម៉ៅ ភិរុណ បានបន្ថែមថា ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងស្រុក ដោយត្រូវដាក់ចេញវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់ ទីតាំងសប្បាយភាព សណ្ឋាគារ ផ្ទះសំណាក់នានា នៅក្នុងការចូលរួមបង្ការ ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ ការចែកចាយ គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹងការពង្រឹង វិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍បន្ថែមទៀត៕