Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបសង្វៀនបញ្ជល់មាន់នៅស្រុកកោះធំ ខេត្តកណ្ដាល, អ្នកញៀនល្បែងរត់បាតជើងសព្រាត បន្សល់ម៉ូតូ ៧គ្រឿង និងវត្ថុតាងមួយចំនួន

12-02-2020 12:41

(កណ្ដាល)៖ នគរបាលស្រុកកោះធំ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ល្មើសច្បាប់មួយកន្លែង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចចម្ការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ខណៈអ្នកញៀនល្បែងរត់បាតជើងសព្រាត បន្សល់ម៉ូតូ ៧គ្រឿង មាន់ងាប់ ៣ក្បាល និងសម្ភារផ្សេងៗទៀត។

សមត្ថកិច្ចបានរៀបរាប់សភាពរឿងហេតុថា កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់។ ក្រោយពីទទួល បានព័ត៌មាននេះភ្លាម កម្លាំងជំនាញស្រុក បានសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះដល់កន្លែងកើតហេតុ។

ពេលដែលឃើញនគរបាលទៅដល់ អ្នកលេងល្បែងទាំងអស់នោះ បាននាំគ្នារត់យករួចខ្លួនទាំងអស់ ដោយបន្សល់ទុកនៅវត្ថុតាង ដូចបានចាប់យកខាងលើនៅកន្លែងកើតហេតុតែម្ដង។

ករណីនេះសមត្ថកិច្ចបាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ចំណែកជនសង្ស័យដែលបានគេចខ្លួន នគរបាលកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីហៅមកធ្វើការអប់រំនៅអធិការដ្ឋាន៕