(កំពង់ស្ពឺ)៖ ក្រុមការងារជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង បានដឹកនាំកម្លាំងត្រួតពិនិត្យ និងអប់រំបញ្ហាគ្រឿងញៀន នៅក្រុមហ៊ុន metfone សាខាខេត្តកំពង់ស្ពឺ តាបតាមការសហការរបស់តំណាងក្រុមហ៊ុន។
ជាមួយគ្នានេះ ក្រុមការងារជំនាញរបស់កងរាជអាវុធហត្ថ ក៏បានលើកឡើងពីផលប៉ះពាល់ ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជន គឺជាក្រុមដែលងាយរងគ្រោះជាងគេ។
ផ្តើមចេញពីកង្វះសមត្ថភាពគ្រប់គ្រងការចរាចរគ្រឿងញៀន បានបង្កឱ្យយុវជនក្លាយជាអ្នកលក់ អ្នកប្រើប្រាស់ និងរងគ្រោះដោយសារគ្រឿងញៀន។ យុវជនជាច្រើន ត្រូវបានគេ អូសទាញឱ្យប្រើប្រាស់វា ដោយសារតែវាធ្វើឱ្យសប្បាយនៅគ្រាដំបូងៗ។
តាមការពិតគ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញាស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ ដូចនេះ យើងគួរស្វែងយល់ពីឥទ្ធិពលនៃគ្រឿងញៀន និងរួមគ្នារកវិធីសាស្រ្តទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព។
ដោយសារតែឥទ្ធិពលគ្រឿងញៀនអ្នកប្រើគិតថា ការប្រើប្រាស់គ្រឿងញៀនអាចជួយឱ្យគេមានកំលាំងអាចរកលុយបានច្រើន។ ប៉ុន្តែនេះគ្រាន់តែជាភាពបោកប្រាស់របស់គ្រឿងញៀនតែប៉ុណ្ណោះ ។ ដំណាលបន្ទាប់ពីអ្នកប្រើគ្រឿងញៀន បានទទួលឥទ្ធិពលនៅដំណាក់កាលដំបូង មួយរយៈពេលមក អ្នកប្រើក៏ចាប់ផ្តើមញៀនខ្លាំង មិនអាចអត់បាន ហើយខិតខំស្វែងរកគ្រឿងញៀនសកម្មជាងមុន។ ឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យអ្នកប្រើពិបាកក្នុងខ្លួនយ៉ាងខ្លាំង បើសិនជាគ្មានគ្រឿងញៀនប្រើនោះទេ។
នេះជាដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន ព្រោះផលប៉ះពាល់របស់គ្រឿងញៀនបានសាយភាយ និងបានបំផ្លាញប្រព័ន្ធការពាររាងកាយ ប្រព័ន្ធសរសៃប្រសាទ ឬខួរក្បាលឱ្យខូចខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ រហូតឆ្កួតតែម្តង៕