(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងនាម សម្តេចតេជោប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់រដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមកនេះ ជាពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
លោក Pablo Kang បានបញ្ជាក់ថា ប្រទេសអូស្រ្តាលី បានគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤មក និងបានចំណាយថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក ដើម្បីចូលរួមរំដោះផ្ទៃដីដែលមានការគម្រាមកំហែងដោយសារមីន និងចូលរួមផ្តល់នូវដីសម្រាប់លំនៅដ្ឋាននិងកសិកម្មប្រកបដោយសុវត្ថិភាព ជូនដល់ប្រជាជនរស់នៅតំបន់ដាច់ស្រយាល និងប្រជាជនរស់នៅតំបន់រងផលប៉ះពាល់ខ្លាំងដោយសារមីន។
ជាមួយគ្នានេះ លោក Pablo Kang បានបញ្ជាក់បន្ថែមថា ប្រទេសអូស្រ្តាលី នៅតែបន្តចូលរួមពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្របច្ចេកទេសពី UNDP ផងដែរ៕