(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា មន្ត្រីរាជការត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ។ ក្នុងនោះលោកអភិបាលរាជធានី ក៏បានជំរុញឲ្យអភិបាលខណ្ឌដូនពេញ ពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានឲ្យបានល្អ មិនត្រឹមតែធានាបានសោភ័ណភាពបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងការពារពានរង្វាន់ផ្ការំដួល ៣ទងថែមទៀតផង។
លោក ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង បានបញ្ជាដល់អភិបាលខណ្ឌដូនពេញ ត្រូវលុបបំបាត់ឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យសំរាមជាដើម ដើម្បីឲ្យខណ្ឌនេះនៅតែរក្សាបានភាពស្អាត ហើយនៅតែទទួលបានពានរង្វាន់ផ្ការំដួលបីទងដែលជាទីក្រុងស្អាតជាងគេ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាំបាច់ណាស់ខណ្ឌដូនពេញ គឺត្រូវតែល្អស្អាតឲ្យបានជាប់ជាប្រចាំ ព្រោះខណ្ឌនេះជាចំណុចកណ្តាល នៃរាជធានីភ្នំពេញ សំបូរទៅដោយតំបន់ ទេសចរណ៍ ដែលទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តជាច្រើន។
លោកក៏បានបញ្ជាក់ថា អភិបាលខណ្ឌដូនពេញ ត្រូវចុះពិនិត្យការលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើញផ្លូវសាធារណៈ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់បានបង្កើតជាសំរាមគរាយប៉ាយដោយគ្មានទំនួលខុសត្រូវក្រោយពីការលក់ដូររួច។ បន្ថែមពីនេះទៀតត្រូវសន្យាលុបបំបាត់ឲ្យអស់នូវល្បែងកន្ទុយលេខតាមផ្សារ ល្បែងស្ទួចត្រីខុស ច្បាប់ដែលកំពុងមានសកម្មភាពរីកដុះដាលច្រើន។
នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទំាងអស់ ជួយជំរុញឲ្យប្រជាពលរដ្ឋបង់ថ្លៃប្រមូលសំរាមឲ្យបានទៀតទាត់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។
លោកបានថ្លែងថា ក្នុងរយៈពេល ៨ខែទៀត ការរៀបចំនីតិវិធីក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះបានល្អ ទាំងការប្រមូលសំរាម និងការបង់ថ្លៃសេវា ប្រមូលសំរាម ដោយមានក្រុមហ៊ុនត្រឹមច្បាស់លាស់ ក្នុងការអនុវត្តកិច្ចការនេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានក្រើនរំលឹកដល់មន្ត្រីរាជការនៅទូទាំងខណ្ឌ ក៏ទូទាំងរាជធានី ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោក បានបន្តថា នៅក្នុងបរិបទប្រទេសកម្ពុជា អនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការ ទៅប្រកបដោយភាពរលូន។
លោក ឃួង ស្រេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខណ្ឌដូនពេញ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ៕