(ភ្នំពេញ)៖ កម្ពុជា នឹងយកគោលដៅ ៣ចំណុច ក្នុងចំណោមគោលដៅទាំង២៣ចំណុច ដែលកំណត់ក្នុងកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ដើម្បីមកអនុវត្តសំដៅធ្វើយ៉ាងណាឲ្យការធ្វើទេសន្ដប្រវេសន៍របស់ពលរដ្ឋខ្មែរទៅក្រៅប្រទេស ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមផ្លូវច្បាប់របស់ប្រទេសគោលដៅ។
កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) គឺជាសេចក្ដីថ្លែងការណ៍រួមមួយ ដែលប្រទេសចំនួន១៩៣ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ បានទទួលស្គាល់រួមគ្នាថា មានបញ្ហាដូចគ្នាពាក់ព័ន្ធទៅនឹងទេសន្ដប្រវេសន៍។ កតិកាសញ្ញានេះ បានដាក់បញ្ជូននូវគ្រប់កង្វល់ទាំងឡាយ ជុំវិញការធ្វើទេសន្ដប្រវេសន៍ ដែលធ្វើឲ្យមនុស្សរាប់សិបលាននាក់ ទទួលផលវិបាកពីការធ្វើទេសន្ដប្រវេសន៍។
ដើម្បីជ្រើសរើសយកគោលដៅ៣ចំណុច ដែលមាននៅក្នុងកតិកាសញ្ញា GCM នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ ដើម្បីត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី២ នៅខែមីនាខាងមុខ ពាក់ព័ន្ធនឹងការជ្រើសរើសគោលដៅនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកស្រី ជូ ប៊ុនអេង បានអះអាងថា ក្នុងកតិកាសញ្ញា GCM បានបែងចែកជា២៣ចំណុចសំខាន់ៗ ដែលសុទ្ធសឹងតែផ្ដោតសំខាន់ ទៅលើការធ្វើទេសន្ដប្រវេសន៍ ដើម្បីឲ្យត្រឹមត្រូវទៅតាមផ្លូវច្បាប់ ប៉ុន្ដែក្នុងនោះកម្ពុជា បានជ្រើសរើសយកតែ៣ចំណុចប៉ុណ្ណោះ ដើម្បីមកអនុវត្តឲ្យចំអ្វីដែលកំពុងជួបប្រទះ និងជាការងារអាទិភាព។
ឆ្លើយនឹងសំណួរថា តើការជ្រើសរើសត្រឹមតែ៣ចំណុចនេះ ជាការកំណត់របស់ភាគីរដ្ឋពាក់ព័ន្ធឬយ៉ាងណា? លោកស្រី បានលើកឡើងថា ការដែលកម្ពុជាជ្រើសរើសត្រឹមតែ៣ចំណុចមកអនុវត្ត ព្រោះនោះគឺសុទ្ធតែពាក់ព័ន្ធទៅនឹងអ្វីដែលកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ប៉ុន្ដែមិនមែនមានន័យថា គោលដៅផ្សេងទៀតត្រូវបានបោះចោលនោះទេ ពោលនឹងអនុវត្តជាបន្ដបន្ទាប់គ្នា។
លោកស្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកតិកាសញ្ញា គោលបំណងទាំង២៣បែកទិសទាំងអស់ មានរឿងខ្លះអត់ទាក់ទងជាមួយយើងទេ តែវាទាក់ទងទៅនឹង បញ្ហាទេសន្ដប្រវេសន៍របស់ប្រទេសផ្សេង ចឹងកម្ពុជាត្រូវសំឡឹងមើលការងារអាទិភាពត្រឹមតែ ២-៣ចំណុចណានោះ ដែលយើងអាចធ្វើបានហើយជាការចាប់ផ្ដើម នៅក្នុងការធ្វើ មិនមែនមានន័យថាយើងបោះបង់គោលបំណង៣ទៀតនោះទេ។ គោលបំណងណាពាក់ព័ន្ធសំខាន់មកកម្ពុជា យើងចាប់ផ្ដើមធ្វើ»។
បើតាមលោកស្រី ជូ ប៊ុនអេង បន្ទាប់ពីរដ្ឋភាគីព្រមទទួលយកនូវកតិកាសញ្ញាពិភពលោក GCM នេះកាលពីឆ្នាំ២០១៨ បានកំណត់ថា នៅរៀងរាល់៤ឆ្នាំម្ដង នឹងជួបប្រជុំគ្នា ដើម្បីនិយាយអំពីប្រទេសណាជ្រើសរើសយកគោលបំណងអ្វី ហើយបានសម្រេចអ្វីខ្លះ ដើម្បីចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ កម្ពុជា ក៏នឹងយកគោលដៅ៣ចំណុច ដែលបានជ្រើសរើសនេះ ទៅចែករំលែកនៅលើឆាកអន្ដរជាតិផងដែរ។
សម្រាប់ការសម្រេចយ៉ាងណានោះ នឹងត្រូវធ្វើឡើងម្ដងទៀតនៅអំឡុងខែមីនា ដោយកិច្ចប្រជុំនោះនឹងដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ នេះជាអ្វីដែលលោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់៕