(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បាននិយាយថា គ្រប់ប្រជាពលរដ្ឋនៅតាខ្មៅ អាចរាយការណ៍មកលើ Page Facebook របស់អធិការដ្ឋាន ឬក៏អាចតេមកលោកផ្ទាល់ក៏បាន បើសិនជាមានករណីប៉ុស្តិ៍នគរបាលតាមសង្កាត់ណាមួយនៃក្រុងតាខ្មៅ មិនអើពើករណីបណ្ដឹង ឬធ្វើការយឺតយ៉ាវ ពិសេសមិនមានមនុស្សប្រចាំការនៅប៉ុស្តិ៍ ដើម្បីលោកចាត់ការតាមវិន័យកងកម្លាំងចំពោះមេប៉ុស្តិ៍នោះ។
លោក យី វណ្ណដា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលនៅថ្ងៃទី១២ ខែកុម្ភៈនេះថា លោកចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីធានាបានការបំរើដល់សង្គមមួយយ៉ាងពេញចិត្ត អស់ពីចិត្តពីថ្លើម ពិសេសថែរក្សាសន្តិសុខ សុវត្ថិភាព ភូមិឃុំសង្កាត់ ឲ្យមានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអធិការថ្លែងបញ្ជាក់ទៀតថា លោកចង់បានសេចក្ដីរាយការណ៍របស់ពលរដ្ឋដោយភាពស្មោះត្រង់ ដោយកាយវិការមានសិលធម៌ខ្ពស់ និយាយតែពាក្យពិតករណីមិនពេញចិត្តណាមួយ ដោយសំខាន់ចង់បានការរិះគន់ស្ថាបនាមួយដែលចំទិសដៅ និយាយឲ្យចំមុខនគរបាលណាមិនធ្វើការ ឬនគរបាលណាធ្វើការមិនល្អ ឬប៉ុស្តិ៍ណាមិនបើកទទួលស្វាគមន៍ពលរដ្ឋ ពិសេសពេលទៅរកសេវាជំនួយ មានករណីបង្ករភាពស្មុគស្មាញចង់លាភសក្ការៈជាដើម។
លោកបញ្ជាក់ថា លោកនឹងមិនឲ្យមានករណីស្មុគស្មាញណាមួយកើតឡើងនោះឡើយ ហើយបើសិនមានប៉ុស្តិ៍ណាមួយបំរើពលរដ្ឋមិនបានល្អ លោកនឹងធ្វើការព្រមាន ឬ អនុវត្តន៍វិន័យកងកម្លាំងមិនខានឡើយ។
ទន្ទឹមនឹងសារនេះ លោកអធិការក៏បានស្នើពលរដ្ឋក្រុងតាខ្មៅទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើឲ្យសង្គមយើងសំបូរសប្បាយ រីករាយ ស្គាល់តែការអភិវឌ្ឍន៍ និងរស់នៅប្រកដោយសុខសុវត្ថិភាព៕