(ភ្នំពេញ)៖ រយៈពេលជិត ១អាទិត្យកន្លងមកនេះ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា បានប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីមានក្រុមហ៊ុនផ្ទះល្វែងមួយ ចាក់ដីរំលោភយកប្រឡាយ និងចំណីផ្លូវដែករដ្ឋខ្សែ ភ្នំពេញ-កំពត ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុននេះបានទម្លាក់ការទទួលខុសត្រូវទៅលើលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យម្នាក់ថា ជាអ្នកអនុញ្ញាតឲ្យចាក់។ ចំពោះករណីបែបនេះ មានប្រតិកម្មខ្លាំងរហូតដល់សមាជិកឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទៀតផង។ ក្រោយមានប្រតិកម្មគ្រប់កន្លែងបែបនេះ ស្រាប់តែខាងក្រុមហ៊ុនផ្ទះល្វែងខាងលើ បានកាយដីដែលចាប់លុបរំលោភយកជិតបានសម្រេចទៅហើយនោះ ចេញវិញ។

ចំណែកលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា លោកមិនបានដឹងពីរឿងនេះទេ ហើយនៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកបានចាត់ឲ្យ លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ ដឹកនាំមន្រ្តីសាលាខណ្ឌមន្រ្តីការិយាល័យភូមិបាលខណ្ឌ មន្រ្តីការិយាល័យសាធារណៈការខណ្ឌ ព្រមទាំងចៅសង្កាត់្រពាំងក្រសាំង ចុះទៅពិនិត្យមើល និងវាស់វែងដើម្បី ចង់ដឹងថា តើក្រុមហ៊ុននោះរំលោភដីរដ្ឋពិតឬយ៉ាងណា?។ ប៉ុន្តែពេលទៅដល់បែរជាមិនបានពិនិត្យឲ្យល្អិតល្អន់អ្វីឡើយ ហើយនាំគ្នាឡើងឡានចេញមកវិញបាត់អស់ ព្រោះឃើញសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ម្នាក់គឺ លោក នួន សុខាវី កំពុងស្ថិតនៅលើទីតាំងខាងលើនោះ ដើម្បីសិក្សាលើបញ្ហានេះផងដែរ។

អាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយឲ្យដឹងថា តើមានការំលោភបំពានដីប្រឡាយ និងដីផ្លូវរដ្ឋពីសំណាក់ក្រុមហ៊ុនផ្ទះល្វែងមួយនោះមែនឬក៏មិនមែនទេ ហើយការឡើងឡានទាំងការមិនបានពិនិត្យ ទីតាំងនោះបែបនេះ សង្ស័យតែខ្ជិលឆ្លើយសំណួររបស់សមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ និងក្រុមអ្នកកាសែតតែម្ដង។

ដោយឡែកលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលទទួលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋថា បាននៅពីក្រោយខ្នងក្នុងការចាក់ដីរំលោភយកប្រឡាយរដ្ឋ និងចំណីផ្លូវរដ្ឋនោះ បានបដិសេធថា លោកមិនបានប្រព្រឹត្តបែបនេះទេ ហើយតាំងពីពូជពង្សវង្សត្រកូល ជីដូនជីតាឪពុកម្ដាយ លោកមកមិនដែលមានអ្នករំលោភយក និងលក់ដីរដ្ឋឡើយ។

លោក នួន សុខាវី ដែលបានចុះទៅសិក្សាពីបញ្ហាខាងលើ បានថ្លែងថា លោកនឹងស្រាវជ្រាវលើករណីនេះ បើសិនជាមានការពាក់ព័ន្ធឃុបឃិតគ្នាជាមួយអាជ្ញាធរ ប្រព្រឹត្តអំពើពុករលួយ លក់ដីប្រឡាយមេ ដែលបង្ហូរទឹកក្នុងរាជធានី និងចំណីផ្លូវរដ្ឋនេះ លោកនឹងដាក់ពាក្យទៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងធ្វើរបាយការណ៍ដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕