(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំសត្យា នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមវត្តមានលោក ផុស សុវណ្ណ អគ្គនាយកសោតទស្សន៍ នៃក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ។
មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ» និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឱ្យសាធារណជនមានការភាន់ច្រឡំ។
បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ខ្វះប្រភព គ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ចំពោះព័ត៌មានទាំងនេះ រហូតមានសាធារណជនខ្លះ ខឹងសម្បារចំពោះថ្នាក់ដឹកនាំ ព្រោះតែព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួនតូចជាដើម។
មិនតែប៉ុណ្ណោះ យុវជនខ្មែរបច្ចុប្បន្ននេះ មានការបារម្ភពីផលប៉ះពាល់ដល់សង្គមដោយសារព័ត៌មានមិនពិត ឬ Fake News អាចជះឥទ្ធិពលអាក្រក់ ដល់សង្គមក៏ដូចជាដល់ការគិតរបស់ប្រជាពលរដ្ឋ ខណៈដែលបណ្តាញទំនាក់ទំនងសង្គម កំពុងមានប្រជាប្រិយភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជា។
សព្វថ្ងៃនេះ ព័ត៌មានមិនពិតដែលគ្មានវិជ្ជាជីវៈ បាននឹងកំពុងកើតមានច្រើន ខណៈដែលប្រជាជនកម្ពុជាភាគច្រើនលែងសូវមានទម្លាប់ក្នុងការស្តាប់វិទ្យុ ឬទូរទស្សន៍។ ការរីករាលដាលនៃការសរសេរព័ត៌មានមិនពិតនេះ អាចមកពីការគិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅខ្សោយពុំសូវបានពិនិត្យច្បាស់លាស់ ពីប្រភពព័ត៌មានណាដែលអាចទុកចិត្តបាន និងចេះតែចែករំលែកតៗគ្នា ពីមួយទៅមួយ។ ចំពោះការចែករំលែកព័ត៌មានមិនពិតនេះ នៅតាមបណ្តាញសង្គមបានបង្កើតបញ្ហាបន្ថែមដល់សង្គម និងប៉ះពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋជាខ្លាំង។
ព័ត៌មានមិនពិត កំពុងធ្វើឱ្យបរិយាកាសសង្គម ក្នុងបណ្តាញសង្គមនៅកម្ពុជា មានភាពច្របូកច្របល់ជាខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកទុកចិត្ត និងព្រួយបារម្ភចំពោះព័ត៌មានទាំងនេះ អាចជះឥទ្ធិពលមិនល្អដល់សង្គម ក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលព័ត៌មានមិនពិត។
បច្ចុប្បន្ន មានការចែករំលែកព័ត៌មានមិនពិតនេះមានកាន់តែច្រើនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប្រជាជនទទួលបានព័ត៌មានខុស ហើយវាការតែខុស ច្រើនបន្ថែមទៀត នៅពេលដែលព័ត៌មាននោះត្រូវបានចែកចាយបន្ត។ ផលវិបាកដែលកើតពីព័ត៌មានមិនពិតនេះ គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អ្នកដែលត្រូវបានសារព័ត៌មានទាំងនោះវាយប្រហារ ក៏ដូចជាអ្នកដែលទទួលរឿងនេះ ជាប្រភពនៃឯកសារខ្លួនផងដែរ។
ដូច្នេះ ព័ត៌មានដែលអាចទុកចិត្តបាន គឺជាព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន អាជីពមានវិជ្ជាជីវៈត្រឹមត្រូវ៕