(ភ្នំពេញ)៖ បន្ទាប់ពីបានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ លោក ចា ជិនហូរ ជនជាតិចិន ដែលជាអតីតអ្នកជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បាននាំប្រពន្ធនិងកូនចាកចេញពីប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបេីតាមការបញ្ជាក់របស់សមត្ថកិច្ច។
បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ ដោយលទ្ធផលបង្ហាញថា លោកមិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនទៀតឡើយ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពបុរសជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ។
មុនពេលចាកចេញពីកម្ពុជា លោក ចា ជិនហូរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យបាលគាត់ យ៉ាងយកចិត្ដទុកដាក់ រហូតជាសះស្បើយទាំងស្រុង និងបានចាកចេញពីម ន្ទីរពេទ្យ។
លោកចា ជិនហូរ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណាថ្មី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នេះជាគឺជាករណីវីរុសកូរ៉ូណាថ្មីលើកដំបូងហើយ នៅក្នុងប្រទេសកម្ពុជា ខណៈដែលមេរោគនេះ បានរីករាលដាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានកើនលើស១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់។
យ៉ាងណាក៏ដោយប្រទេសកម្ពុជា បើតាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះកម្ពុជា នៅតែបន្តតាមដានចំពោះមេរោគកូរ៉ូណាយ៉ាងយកចិត្តដាក់បន្តទៀត ទោះពីជាពេលនេះមេរោគកូរ៉ូណាថ្មីបានបញ្ចប់វត្តមាននៅកម្ពុជាយ៉ាងណាក្តី៕