(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ចេញប្រាក់ចំនួន ៩៦០,០០០ដុល្លាអាមេរិក ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគីអង្គការសហប្រជាជាតិ ដើម្បីទ្រទ្រង់ដំណើរការរបស់សាលាក្ដីខ្មែរក្រហម។
ប្រទេសជប៉ុន លើកទឹកចិត្ដឱ្យ អ.វ.ត.ក បន្ដដំណើរការលើសំណុំរឿងដែលនៅសេសសល់ក្នុងរបៀបមួយមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសម្រេចបាននូវយុត្ដិធម៌ ដែលកំពុងត្រូវបានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរមកហើយ សម្រាប់ប្រជាជនកម្ពុជា។
រដ្ឋាភិបាលជប៉ុន ផ្ដល់សារៈសំខាន់ទៅលើសាលាក្ដីខ្មែរក្រហម ដោយផ្អែកលើទស្សនៈចំនួន៣រួមមាន ទី១៖ ការកាត់ក្ដីខ្មែរក្រហម គឺជាដំណាក់កាលបពា្ចប់នៃដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញ នៃអំពើឃោឃៅ ដែលបានប្រព្រឹត្ដឡើង នៅក្នុងរបបខ្មែរក្រហម, ទី២៖ សាលាក្ដីខ្មែរក្រហមនេះនឹងជួយស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលប្រការនេះនឹងរួមចំណែក ដល់ការផ្សះផ្សាជាតិឡើងវិញ និងទី៖ សាលាក្ដីនេះនឹងរួមចំណែកដល់ការពង្រឹង នីតិរដ្ឋនៅកម្ពុជា។
រដ្ឋាភិបាលជប៉ុនបាន និងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សម្រាប់តុលាការនេះ មានចំនួន៨៨,៥លានដុល្លារ ដោយគិតរួមទាំងការបពោ្ចញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង២៩% នៃថវិកាសរុបផ្ដល់ដោយប្រទេសផ្ដល់ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិនៃ អ.វ.ត.ក។ លើសពីនេះទៅទៀត ប្រទេសជប៉ុន រួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាន នៃមិត្ដរបស់ អ.វ.ត.ក បានតាមដានដំណើរការ របស់តុលាការនេះយ៉ាងសកម្ម៕