(ត្បូងឃ្មុំ)៖ ជិត៥០០ឆ្នាំ ទើបប្រទេសជាតិកម្ពុជា យើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍សុខសាន្ត បាន៤១ឆ្នាំកន្លងទៅ រហូតដល់សព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន ការពារថែរក្សាឲ្យបានដាច់ខាត ដោយមិនត្រូវចាញ់បោកជនអគតិ និងបរទេសមួយចំនួន ដែលព្យាយាមបំផ្លិចបំផ្លាញ ស្ថេរភាពនយោបាយ និងសុខសន្តិភាពរបស់ប្រទេសយើងឡើយ។
នេះជាការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រមាណ៣០០០នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូជាន់ខ្ពស់ ក្រសួងដែនដី, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ប្រទេសជាតិយើង មានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលកំពុងដើរ ទន្ទឹមគ្នា ក្នុងនោះ រាជរដ្ឋាភិបាល បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាវត្តអារាម សាលារៀន មន្ទីពេទ្យ ផ្លូវ ស្ពាន តបណ្តាញអគ្គីសនីជាដើម -ល- ដើម្បីសម្រួលដល់ការប្រតិបត្តិជំនឿ ការរស់នៅ និងបំពេញតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា តែទោះជាយ៉ាងណា ក៏នៅតែមានជនអគតិមួយចំនួនតូច និងបទេសមួយចំនួនផងនោះ បានព្យាយាមម្តងហើយម្តងទៀត បង្កចលាចល បំផ្លិចបំផ្លាញ សុខសន្តិភាព ពោលគឺពួកគេ មិនចង់ឃើញប្រជាជនកម្ពុជា យើងរស់នៅ មានសេចក្តីសុខក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូចសព្វថ្ងៃនេះឡើយ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រឆាំងជនក្បត់ជាតិទាំងនោះ ដើម្បីថែរក្សាសុខសន្តិភាព ឲ្យបានដាច់ខាត។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បាននាំយកប្រទេស ចេញពីភ្នក់ភ្លើងសង្គ្រាម ដឹកនាំកម្ពុជាពោរពេញ ដោយភាពរីកចម្រើន និងសុខសន្តិភាពពេញលេញ និងបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីនោះឡើយ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា យើងមើលឃើញហើយថា ប្រទេសកម្ពុជា មានប្រជាជនប្រតិបត្តិសាសនាជាច្រើន តាមជំនឿរៀងៗខ្លួន ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រឹះជាដើម តែយើងអាចរស់នៅសុខដុមជាមួយគ្នាបានយ៉ាងល្អ។
អ្វីដែលសំខាន់ ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ជំនឿសាសនាបែបនេះ ដោយពឹងផ្អែកលើការផ្តល់សេចក្តីទុក របស់ប្រជាជនទូទាំងប្រទេស
ដូច្នេះ លោកបានអំពាវនាវ ឲ្យពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយបន្តជឿជាក់បោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិគ្រប់ៗអាណត្តិតរៀងទៅ។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បាននាំយកថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ទៅប្រគេនគណៈកម្មការ និងព្រះចៅ អធិការវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ទុកសំរាប់បង្រ្គប់ថ្លៃ ជាងសាងសង់ និងកសាងបន្តចំនួន១៧,០០០ដុល្លារ ព្រមទាំងឧបត្ថម្ភថវិកា ដល់វិទ្យាល័យ ក្បាលអូរ០២លានរៀល អនុវិទ្យាល័យក្បាលអូរ០១លានរៀល និងសាលាបឋមសិក្សាក្បាលអូរ៥០ម៉ឺនរៀល ក៏ដូចជាចែកជូន នូវក្រណាត់ស សារ៉ុង សម្ភារសិក្សា និងថវិកាដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងសិស្សានុសិស្ស ដែលបានចូលរួម នាឱកាសនោះផងដែរ៕