(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកនីតិកម្ម និងអធិការកិច្ច តំណាងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន។
ក្នុងពិធីផ្សព្វផ្សាយនេះ លោកឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរងស្នងការស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកយកមាត្រាខ្លះៗ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ដើម្បីរំលឹកដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងគោលបំណងការចុះបំពេញភារកិច្ចចៀសវាងមានកំហុស។
ក្រោយពីបញ្ចប់កិច្ចផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ និងសហការី ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរង បានអញ្ជើញត្រួតពិនិត្យបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្នផងដែរ។
សូមបញ្ជាក់ថា សម្រាប់ខេត្តប៉ៃលិន ជាគោលដៅទី២ សម្រាប់ផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តីអាវុធហត្ថ ខណៈគោលដៅទី១ ធ្វើឡើងនៅព្រឹកមិញនេះ នៅខេត្តបន្ទាយមានជ័យ មុនឈានទៅខេត្តផ្សេងៗទៀត៕