(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែបន្ដប្រឈម នូវបញ្ហាគ្រឿងញៀន ដោយសារតែបញ្ហា នៃការផលិតគ្រឿងញៀន នៅលើពិភពលោក។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងផែនការពង្រឹងការអនុវត្តន៍ច្បាប់»។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា «បញ្ហាគ្រឿងញៀន នៅលើពិភពលោក នៅតែបន្ដកើនឡើង ឥតឈប់ឈរ កម្ពុជាទោះតិចទោះច្រើន ក៏នៅតែបន្ដប្រឈម ដោយសារតែបញ្ហានៃការផលិតគ្រឿងញៀន នៅលើពិភពលោក»។
នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ក្រុមឧក្រិដ្ឋជន នៅតែព្យាយាមប្រើប្រាស់ គ្រប់មធ្យោបាយ គ្រប់សកម្មភាព គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីធ្វើការចរាចរណ៍គ្រឿងញៀន ពីតំបន់ផលិត ទៅរកទីផ្សារ ដែលមានការប្រើប្រាស់គ្រឿងញៀន ហើយមានតម្លៃខ្ពស់។
ទន្ទឹមគ្នានោះ មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា កម្ពុជាគេចមិនផុតនោះទេ អំពីការប្រើប្រាស់ប្រទេសកម្ពុជាជាទីកន្លែងឆ្លងកាត់ ដូច្នេះកម្ពុជា នៅតែប្រឈមទៅនឹងបញ្ហាមួយចំនួន ដែលត្រូវតែបន្ដការយកចិត្ដទុកដាក់។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឲ្យដឹងផងដែរថា ជាក់ស្ដែង នៅឆ្នាំ២០១៩ អនុវត្ដតាមវិធានការ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការចុះបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបក្នុងរាជធានីភ្នំពេញ ជោគជ័យស្ទើរតែ១០០ភាគរយ។
សូមបញ្ជាក់ថា ឆ្នាំ២០១៩ សមត្ថកិច្ច(ប៉ូលិស និងអាវុធហត្ថ) បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាង៩ពាន់ករណី ឃាត់មនុស្សជាង២ម៉ឺននាក់ ដកហូតថ្នាំញៀន ជាង៧២០គីឡូក្រាម។
ក្នុងចំណោម ការបង្ក្រាបជាង៩ពាន់ករណីនេះ មានករណីជូញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន៥,៧០៥ករណី ឃាត់មនុស្ស១០,៩៥០នាក់ (ស្រី ៨៨៨នាក់) និងករណីប្រើប្រាស់ ៣,៨៦៧ករណី ឃាត់មនុស្ស ៩,១៦៣នាក់ (ស្រី៤៣៧នាក់)។ ចំណែកករណីអនុវត្តន៍ដីកា មានចំនួន៣២៩ដីកា ឃាត់មនុស្ស៣២៤នាក់ (ស្រី១១នាក់)។
ចំពោះសារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចដកហូតបានមានចំនួនជាង៧២០គីឡូក្រាម និង៩១៣កញ្ចប់តូច, កញ្ឆាក្រៀមជិត១០០គីឡូក្រាម និង ៩៤,៤៤១ដើម។
ដោយឡែក សម្ភារចាប់យក មានរថយន្ដ ៦៤គ្រឿង, ម៉ូតូ ២,២៥២គ្រឿង, ទូរស័ព្ទ៥,៨៧៨គ្រឿង, ជញ្ជីង៣២៩គ្រឿង, អាវុធខ្លី៦ដើម អាវុធវែង១០ដើម, ចលន និងអចលនទ្រព្យស្នើសុំបង្កក ចំនួន២កន្លែង, ដីឡូត៍២កន្លែង និងផ្ទះល្វែង១កន្លែង៕