(ភ្នំពេញ)៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម "ក”) ដែលមានលោករដ្ឋមន្ត្រី វេង សាខុន និងឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម «ក» ដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីលោក លោកស្រីអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីអញ្ជើញមកពីវិស័យឯកជន។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន០២ គឺទី១៖ ធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ទី២៖ ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើម យន្តការដោះស្រាយថ្មីៗ ក្នុងស្មារតីស្ថាបនា ដើម្បីបង្កើនផលិតភាព ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយសុខដុមនីយកម្ម លើកស្ទួយវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជនបទប្រកប ដោយចីរភាព និងនិរន្តរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតជាសំខាន់ទៅ លើការធ្វើនវានុវត្តន៍វិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណ:បច្ចេកទេស ផែនការផលិតកម្ម ប្រកួតប្រជែង លើកកម្ពស់គុណភាព ប្រសិទ្ធភាព បរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ និងកំណើរសេដ្ឋកិច្ចជាតិ។
ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ក្រុមការងារបានដាក់ចេញ នូវយុទ្ធសាស្រ្តចំនួន០៤គឺ៖ ទី១៖ លើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម តម្លៃបន្ថែម ប្រកបដោយភាពប្រកួតប្រជែង, ទី២៖បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជ, ទី៣៖ បង្កើនការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព និងទី៤៖ ពង្រឹងស្ថាប័ន បទដ្ឋានគតិយុត្ត និងអភិវឌ្ឍន៍ធនធានមនុស្ស។
សូមជម្រាបជូនថា លទ្ធផលនៃកិច្ចប្រជុំនេះ រួមជាមួយនឹងបញ្ហាប្រឈម និងសំណូមរបស់វិស័យឯកជនមួយចំនួន ឲ្យជួយដោះស្រាយ គឺក្រុមការងារបានដោះស្រាយនៅនឹងកន្លែងមួយចំនួន តាមរយៈស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងនៅមានចំណុចមួយចំនួន ដែលដែលអង្គប្រជុំ និងសហប្រធានមិនអាចដោះស្រាយបាន ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតដាក់ ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់៕