(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសាលាមហោស្រព ក្រោមវត្តមានចូលរួមពីលោក ខ័ណ ចំណាន អភិបាលរងខេត្ត និងគ្រប់មន្ទីរ-ស្ថាប័នពាក់ព័ន្ធ រួមនិងយុវជនផងដែរ។
យោងតាមរបាយការណ៍បញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ នៅក្នុងឆ្នាំ២០១៩ សម្រាប់ខេត្តក្រចេះ បានកាត់បន្ថយ គ្រោះថ្នាក់ ចំនួន៦៤លើក ស្មើ៣៨៣,២៣៨ .៣២ភាគរយ ( ១០៣/១៧៦លើក ) ចំនួនមនុស្សស្លាប់ ថយចុះ ០៨ នាក់ ស្មើ ១៣.៣៣ភាគរយ ( ៥២/៦០នាក់) របួសធ្ងន់ថយចុះ ៧៧ នាក់ ស្មើនឹង ៤៤.២៥% (៩៧/១៧៤ នាក់)។
ភូមិសាស្ត្រ ដែលគ្រោះថ្នាក់ កើតឡើងច្រើនជាងគេ គឺស្រុកចិត្របុរី ស្រុកសំបូរ ស្រុកស្នួល និងក្រុងក្រចេះ មូលហេតុបង្កគ្រោះថ្នាក់ មកពីមិនគោរពសិទ្ធិអាទិភាព ៣៨.៨៣ភាគរយ ល្បឿន ៣០.៩ភាគរយ បត់មិនប្រយ័ត្ន ១២.៦២ភាគរយ វ៉ាជែង ៧.៧៦ភាគរយ ស្រវឹង៣.៨៨ភាគរយ កត្តាយានយន្ត ៣.៨៨ភាគរយ ងងុយដេក ០.៩៧ភាគរយ ប្ដូរគន្លង០.៩៧ភាគរយ និងយានគ្មានភ្លើងបំភ្លឺ ០.៩៧ភាគរយ។
ការបង្កគ្រោះថ្នាក់ចរាចរណ៍សំខាន់ គឺអ្នកបញ្ជាយានយន្ត មិនគោរពច្បាប់ចរាចរណ៍ ដែលជាបញ្ហាគន្លឹះ ត្រូវចាត់វិធានការដោះស្រាយជាចាំបាច់ ។
លោក ខ័ណ ចំណាន បានលើកឡើងថា នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍កើនឡើង ហើយគ្រោះថ្នាក់នេះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ជាច្រើនលានដុល្លារ ក្នុងមួយឆ្នាំមួយឆ្នាំ ដែលមានអត្រាខ្ពស់ បើប្រៀបធៀបនឹងគ្រោះថ្នាក់ សង្គមផ្សេងៗទៀត ជាមធ្យមក្នុងមួយថ្ងៃស្លាប់ ៥.៤ នាក់ និងមានអ្នករបួសជាច្រើននាក់ ។
កត្តាដែលនាំ ឲ្យមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ទី១៖ គឺអាស្រ័យដោយកំណើនយានយន្ត, ទី២៖ កត្តាមនុស្ស និងស្មារតីគោរពច្បាប់ នៅមាន កម្រិត។ ហើយកតា្តសត្យានុម័ត ដោយសារកំណើនយានយន្ត មានល្បឿនលឿន ជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ផ្លូវថ្នល់អភិវឌ្ឍន៍មិនទាន់មានតុល្យ ភាព ជាមួយនិងកំណើន ហើយការគ្រប់គ្រង់ផ្លូវថ្នល់ ចិញ្ចើម ផ្លូវ និងទ្រូងផ្លូវ ដែលមិនទាន់បានល្អម៉ត់ចត់នៅឡើយ និងធ្វើឲ្យផ្លូវចង្អៀតពិបាកចរាចរ ។
លោកអភិបាលរង ក៏បានធ្វើការជំរុញឲ្យ
* បន្តពង្រឹងយន្តការដឹកនាំក្រុមការងារ សុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ជាពិសេសនៅថ្នាក់ក្រុងស្រុកឃុំសង្កាត់ ដោយចាត់តាំងប្រជុំបូកសរុប ត្រួតពិនិត្យ ដកបទពិសោធន៍ មានរបាយការណ៍ទៀងទាត់ បង្កើនកិច្ចសហការ ក្នុងការដោះស្រាយគ្រប់បញ្ហាប្រជុំ ធានាដំណើរការ ការងារប្រកបដោយនិរន្តរភាព ក្នុងស្មារតីទំនួលខុសត្រូវខ្ពស់។
* បន្តជំរុញការត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់តាមផែនការសកម្មភាព និងកម្មវិធីការងារ ដែលបានដាក់ចេញឲ្យបានជាប់ជាប្រចាំ ទាំងថ្ងៃទាំងយប់ ប្រកបដោយតម្លាភាព ស្មើភាពនៅគ្រប់គោលដៅទូទាំងខេត្ត
* បន្តជំរុញការផ្ដល់សេវាសាធារណៈ ក្នុងការផ្តល់លិខិតស្នាម ពាក់ព័ន្ធការបើកបរយានយន្ត និងការផ្ទេរសិទ្ធិ ធានាបម្រើប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ពង្រឹងបទវិន័យសមត្ថភាពចំណេះដឹង ដល់មន្ត្រីទាំងអស់ ដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច រួមចំណែកកាត់បន្ថយគ្រោះថ្នាក់
* បន្តជំរុញការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្តដំឡើង និងជួសជុលបង្គោលសុវត្ថិភាព ផ្លាកសញ្ញាចរាចរណ៍ បិទស្ទីកឃ័រចំណាំងផ្លាត តាមដងផ្លូវនៅក្បាលស្ពាន
* បន្តជំរុញការងារផ្សព្វផ្សាយអប់រំច្បាប់ អនុក្រឹត្យឲ្យបានទូលំទូលាយតាមគ្រប់រូបភាព ឲ្យដល់ តាមផ្ទះ នៅតាមភូមិឃុំសង្កាត់ គ្រឹះស្ថានសិក្សាសហគមន៍ តំបន់ដាច់ស្រយាល និងតាមប្រព័ន្ធបណ្ដាញសង្គម
* បន្តជំរុញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុងស្រុកនិងឃុំសង្កាត់ ត្រូវចាត់វិធានការរៀបចំសណ្ដាប់ ធ្នាប់តាមដងផ្លូវទីប្រជុំជន សាលារៀន ចំណតរថយន្ត ឲ្យមានរបៀបរៀបរយ នឹងបន្តតាមដានប្រតិកម្ម របស់សាធារណជន ដើម្បីធ្វើការឆ្លើយតប ៕