Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី មាស សុភា ប្រាប់ពលរដ្ឋឱ្យក្លាហាន ហ៊ានឡើងសម្តែងមតិទាំងចំណុចល្អ និងចំណុចមិនល្អ ដោយមិនត្រូវខ្លាចរអានោះទេ

11-02-2020 14:54

(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានភាពក្លាហាន ហ៊ានឡើងសម្តែងមតិយោបល់ជាសាធារណៈ ទាំងចំណុចល្អ និងចំណុចមិនល្អ ដោយមិនត្រូវមានភាពខ្លាចរអានោះទេ មិនត្រូវមានភាពក្លាហានតែនៅតាមតុកាហ្វេនោះទេ។

ការជំរុញបែបនេះរបស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២០នេះ នៅក្នុងកាសដែលលោក បានអញ្ជើញបើកវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ ក្នុងបរិវេណវត្តកេរិ៍ ភូមិកេរិ៍ ឃុំរតនះ ស្រុករវៀង ខេត្តព្រះវិហារ ដោយការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ការបើកវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិនៅពេលនេះ គឺចង់ស្តាប់មតិយោបល់ផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងគោលបំណងដើម្បីរួមគ្នាដោះស្រាយ ធ្វើឱ្យទុក្ខកង្វល់របស់ប្រជាពលរដ្ឋត្រូវបានរំសាយ និងដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ ត្រូវមានភាពក្លាហាន ហ៊ានឡើងសម្តែង មតិយោបល់ផ្ទាល់ខ្លួន ពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេង ដើម្បីឱ្យក្រុមការងារបានដឹងនឹងរួមគ្នាដោះស្រាយ បើបងប្អូនហ៊ាននិយាយ តែនៅតាមតុកាហ្វេទេនោះ គឺជារឿងមិនល្អទេ ដូច្នេះមានបញ្ហាអីត្រូវនិយាយចេញមក»

លោកទេសរដ្ឋមន្ត្រី មាស សុភា បានបន្តថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវបញ្ហាច្រើនណាស់ធ្វើការកែទម្រង់ខាងមុខនេះ មានការកែទម្រង់ ស៊ីជម្រៅបញ្ហានយោបាយវិមជ្ឈការ និងសហវិមជ្ឈការ បានន័យថាការផ្ទេរអំណាចពីថ្នាក់មជ្ឈឹម ថ្នាក់កណ្តាលមកមូលដ្ឋាន រួមផ្ទេរនៅសិទ្ធអំណាចសម្រេច ផ្ទេរធនធានមនុស្ស ផ្ទេរធនធានហិរញ្ញវត្ថុ ឱ្យថ្នាក់ឃុំ-ស្រុក-ខេត្ត មានសិទ្ធិអំណាចទូលំទូលាយជាងមុន។ ករណីនេះ លោកទេសរដ្ឋមន្ត្រី បានធ្វើការជំរុញដល់អជ្ញាធរមូលដ្ឋាន ជាពិសេសឃុំសង្កាត់ ត្រូវខិតខំបំពេញភារកិច្ច ដោយធ្វើការដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាព។

ផ្អែកតាមមតិយោបល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើង តាមរយៈអង្គវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ នៅព្រឹកនេះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានឱ្យដឹងថា ចំណុចមួយចំនួនធំ គឺត្រូវបានយកចិត្តទុកដាក់ធ្វើការដោះស្រាយរួចហើយ នៅសល់ចំណុចតិចតួចតែប៉ុណ្ណោះ ដែលយើងកំពុងខិតខំធ្វើបន្ត ដែលករណីនេះ លោកសូមឱ្យបងប្អូនយើងមានការអត់ធ្មត់បន្តិច លោកថាអ្វីដែលយើងមាននៅពេលនេះ បើធៀបនឹងកាលពីមុន គឺខុសគ្នាឆ្ងាយណាស់៕