(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៣នាក់រងបួសធ្ងន់-ស្រាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចន្លោះគីឡូម៉ែត្រ១២៧-១២៨ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូមានទិសដៅស្របគ្នាម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1D-4730 បើកបរដោយឈ្មោះ ដុក សៅ ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ដុក ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនមកមណ្ឌលសុខភាព។
អ្នកទាំងពីរ មានទីលំនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាមួយគ្នា។ ចំណែកម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1GM-4248 បើកបរដោយឈ្មោះ គង់ ភា ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សន ស្រីអូន ភេទស្រី អាយុ២៤ឆ្នាំ ជនរងគ្រោះទាំងពីររងរបួសស្រាល មានទីលំនៅភូមិធ្មៀ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយគ្នា។ ចំណែកសាកសពត្រូវ បានប្រគល់ជូនក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
បច្ចុប្បន្ន ម៉ូតូពីរគ្រឿងត្រូវសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕