(រតនគិរី)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកវើនសៃ ក្រោមអធិបតីលោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី។
លោកអភិបាលរងខេត្ត បានថ្លែងថា កំណែទម្រង់វិមជ្ឈការត្រូវបានឲ្យតម្លៃថាជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងការចាត់ចែង និងការប្រាស់ធនធានសាធារណៈ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការឆ្លើយតបតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗ មានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងប្រពៃណីនៃប្រទេសនីមួយៗ។ ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
*ទី១ ៖ ដើម្បីពង្រឹងនិងពង្រីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបេត្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ទី២ ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់ និងវិសហមជ្ឈការសំដៅផ្ទេរសិទ្ធិអំណាចមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាពមានភាពម្ចាស់ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
*ទី៣ ៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធ និងការគ្រប់គ្រងងដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់
បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕