(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងត្រូវអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកលើកនេះ សម្តេចក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចក៏អាចនឹងមានលទ្ធភាពវាយកូនហ្គោល នៅលើទឹកដីឡាសវេហ្កាសទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ថ្ងៃទី១៤ ខែមីនាខាងមុខនេះ ការប្រជុំអាស៊ាន-អាមេរិក នៅឡាសវេហ្កាស ខ្ញុំសុំផ្តាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹងទៅដល់ឡាសវេហ្កាសនៅថ្ងៃទី១២ ខែមីនា។ ថ្ងៃទី១៣ អាចមានលទ្ធភាពវាយកូនហ្គោល នៅឡាសវេហ្កាស ដែនដីអាមេរិតែម្តង។ ថ្ងៃទី១៤ប្រជុំ ថ្ងៃទី១៥ជួបពលរដ្ឋខ្មែរ ថ្ងៃទី១៦ បានខ្ញុំចាកចេញ ហើយពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែម្តង...»។
គួររំលឹកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះ។ លិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ, តាមព័ត៌មានរបស់ម៉ាឡេស៊ីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បុរសខ្លាំងមួយរូបនៅអាស៊ី នឹងមិនទៅចូលរួមទេ បញ្ជូនត្រឹមរដ្ឋមន្រ្តីក្រសួងការបរទេសទៅចូលរួម ចំណែកប្រធានាធិបតីហ្វីលីពីន ក៏មិនបានចូលរួមផងដែរ ខណៈប្រធានាធិបតី ឥណ្ឌូនេស៊ី ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយថា តើថ្នាក់ប្រធានាធីបតី ឬថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស ទៅចូលរួម។
សមជំរាបថា នៅក្នុងជំនួបនាពេលកន្លងមកនាវិមានសន្តិភាព, សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា ដោយសារអាស៊ាន និងអាមេរិក មានកិច្ចសហប្រតិបត្តិការច្រើនគ្រប់វិស័យ ហើយសម្តេចគាំទ្រដល់កិច្ចប្រជុំនេះពេញទំហឹងដើម្បីផលប្រយោជន៍ទាំងសង្ខាង ជាពិសេសផលប្រយោជន៍តំបន់អាស៊ាន ហើយសម្តេចអះអាងថា សម្តេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីបានការគាំទ្រជាឯកច្ឆ័ន្ធ ចំពោះការរៀបចំកិច្ចប្រជុំនៅពេលខាងមុខនេះ៕