(ភ្នំពេញ)៖ ក្នុងស្ថានភាពនយោបាយពេលនេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ក្រុមប្រឆាំងកំពុងព្យាយាមចាក់សម្តេចឱ្យឆ្លើយតបនៅតាមបណ្តាញសង្គម Facebook ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានប្រកាសថា សម្តេចនឹងមិនចាំបាច់ឆ្លើយតបជាមួយក្រុមប្រឆាំងទាំងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះយ៉ាងដូច្នេះថា «ហើយខ្ញុំមិនឆ្លើយតប ខ្ញុំមានដំណមរបស់ខ្ញុំ មិនឆ្លើយតបជាមួយក្រុមប្រឆាំងណាទាំងអស់ សូមមិនចាំបាច់មកបង្ហោះ Facebook ចាក់ខ្ញុំឱ្យឆ្លើយទេ ស្រេចតែអញធ្វើមិនដឹងឯងធ្វើអីយើង»។
សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់ បានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) និងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិកម្ពុជា ឱ្យបន្តដំណើរទៅមុខជាមួយគ្នាតទៅទៀត ដើម្បីឯករាជ្យ និងអធិបតេយ្យ ហើយត្រូវការពារសន្តិភាពរបស់កម្ពុជា ដែលរកបានដោយលំបាក ដោយការលះបង់របស់យុទ្ធជនជំនាន់មុន។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ទៅកាន់ Facebook មួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលតែងតែបង្ហោះព័ត៌មានក្លែងក្លាយ ដើម្បីបំផិតបំភ័យប្រជាពលរដ្ឋខ្មែរ។ សម្តេចសន្និដ្ឋានថា ម្ចាស់ Facebook នេះពិតប្រាកដ មិនមែនមានវត្តមាននៅកម្ពុជានោះទេ គឺនៅក្រៅប្រទេស។
សម្តេចបានចោទសួរថា តើការបង្ហោះព័ត៌មានមិនពិតបែបនេះ វាចំណេញអ្វីសម្រាប់ក្រុមប្រឆាំងទាំងនោះ ព្រោះគ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរ សាច់ញាតិរបស់ពួកគេភ័យតែប៉ុណ្ណោះ។ មួយវិញទៀតអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់នេះ ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់ថែមទៀតផង៕