(ភ្នំពេញ)៖ មុនការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗដោយមិនចុះញ៉ម ចំពោះការគំរាមនេះ និងបានហៅប្រជាពលរដ្ឋខ្មែរ ក្រោកឈរការពារអធិបតេយ្យភាពជាតិ ប្រឆាំងការគំរាមរបស់គណៈកម្មការអឺរ៉ុប។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាការដក ឬរក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នេះពីកម្ពុជា សម្តេចនឹងមិនស្នើឲ្យអឺរ៉ុបរក្សាទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថាពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ។ កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្តន៍ ទោះបីនរណាក៏ដោយ ត្រូវនៅក្រោមច្បាប់របស់កម្ពុជា»។
«យើងចង់ធ្វើមិត្តភក្តិ និងដៃគូទាំងអស់ជាមួយប្រទេសនៅលើពិភពលោក។ ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើង ក៏យើងមិនព្រមដែរ យើងធ្លាប់ភ្លក់រសជាតិរួចហើយ នៃសោកនាដ្ឋកម្មសង្គ្រាមរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ។ អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ អត់ត្រូវឱនក្បាលចំពោះនរណាទាំងអស់ យើងត្រូវខិតខំរស់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយ ដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់ខ្លួន ពីប្រទេសដទៃ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឲ្យនរណា មកឈ្លានពានអធិបតេយ្យជាតិបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា អ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព ហើយកម្ពុជាត្រូវតែអនុវត្តន៍ច្បាប់របស់ខ្លួន ខណៈដែលជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រទេសអ៉ីតាលី និងអេស្បាញ ព្រោះតែលក់អង្ករមិនដាច់ បានឲ្យគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប រករឿងអង្កររបស់កម្ពុជា និងទាមទារឲ្យកម្ពុជាបង់ពន្ធ។ សម្តេចបានថ្លែងថា ទោះបីមានការបង់ពន្ធក៏អង្ករកម្ពុជា នៅតែអាចនាំទៅកាន់ទីផ្សាររបស់អឺរ៉ុបបានដដែល។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខ មិនមែនដោយសាររឿង EBA នោះទេ គឺជាការរងឥទ្ធិពលពីកូរ៉ូណា ដែលធ្វើឲ្យរោងចក្រនោះ មិនអាចនាំមកនូវវត្ថុធាតុដើមពីចិន។ សម្តេចបានអំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុតចំពោះបញ្ហា ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាល ត្រៀមលក្ខណៈដោះស្រាយហើយ។
សូមជម្រាបថា តាមផែនការបញ្ហាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ។ តាមព័ត៌មានក្រៅផ្លូវការ ដែលមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា EBA អាចនឹងត្រូវដកក្នុងកម្រិតមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុង១ឆ្នាំ ចំពោះវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។
ឆ្លើយបតនឹងភាពមិនប្រាកដ នៃបញ្ហាប្រពន្ធអនុគ្រោះពន្ធ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ថវិកាចំនួន៣ភាគរយនៃសេដ្ឋកិច្ចជាតិ ដែលស្មើនឹងប្រមាណ៧០០លានដុល្លារក្នុង១ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ៕