(ភ្នំពេញ)៖ មូលនិធិសរុបប្រមាណ ៨៨.២៣លានដុល្លាអាមេរិក ត្រូវបានវិនិយោគលើការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២៤ ក្រោមថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
មូលនិធិនេះជាយន្តការមួយដើម្បីជួយជ្រោមជ្រែងក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់។
ភ្នាក់ងារអនុវត្តគម្រោង រួមមាន៖
* គ្រឹះស្ថានចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។
* គ្រឹះស្ថានចំណុះក្រោមក្រសួងអប់រំ យុវជន និងកីឡា មានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
* គ្រឹះស្ថានចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ។
ការវិនិយោគនេះទៀតសោត ផ្តោតទៅលើមូលដ្ឋានហេដ្ឋារចនាសម្ពន្ធ ដូចជាអគារសិក្សា អន្តេវាសិកដ្ឋាន (កន្លែងសម្រាប់សិស្សអាស្រ័យស្នាក់នៅ) រោងជាង ឧបករណ៍ សម្ភារបរិក្ខារ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គ្រូ ព្រមទាំងថវិកាបណ្តុះបណ្តាល និងគាំទ្រសកម្មភាពផ្សេងៗទៀត។
ទន្ទឹមនឹងនេះ គម្រោងនឹងប្រែក្លាយគ្រឹះស្ថាន និងអង្គភាពអនុវត្តគម្រោងទៅជាអង្គភាពឈានមុខនៅកម្ពុជា ដែលនឹងផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងវិស័យអាទិភាព ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឥតឈប់ឈរ ក៏ដូចជាការចូលរួមកិច្ចសហការពីវិស័យឯកជនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសបើកស្តីពី ការអនុវត្តគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងជានាយកគម្រោងផងដែរនោះ បានលើកឡើងថា តាមរយៈគម្រោងនេះនឹងចូលរួមពង្រឹងគុណភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងឧស្សាហកម្មនៃវិស័យអាទិភាពទាំង៤ រួមមាន កម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
លើសពីនេះ គម្រោងនឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និងភ្ជាប់ទំនាក់ទំនងក្នុងការអភិវឌ្ឍជំនាញ ដោយផ្តោតលើការផ្តល់ជំនាញថ្មី (Skilling) ការបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling) និងការបំប៉នជំនាញបន្ថែម (Upskilling) ដល់កម្លាំងពលកម្មដែលកំពុងបំពេញការងារទាំងវិស័យសាធារណៈ និងឯកជន។
កិច្ចព្រមព្រៀងភាពជាដៃគូនឹងត្រូវបានបង្កើតរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីជំរុញកម្មវិធីការសិក្សាផ្អែកលើការងារ (Work-Based Learning program) និងពង្រីកការអនុវត្តសាកល្បងនូវមូលនិធិអភិវឌ្ឍជំនាញទៅជាយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ សមាសភាពនៃគម្រោងរួមមាន ១-ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស ២-លើកកម្ពស់កម្មវិធីសិក្សាផ្អែកលើការងារ (Work Based Learning program) ជាមួយដៃគូឧស្សាហកម្ម និង ៣-ពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយនវានុវត្តន៍។
លោករដ្ឋលេខាធិការប្រចាំការសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានសិក្សាទាំង៥ និងអង្គភាពអនុវត្តគម្រោង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងនេះ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីសម្រចឱ្យបាននូលគោលដៅនៃលទ្ធផលទាំង ៣ របស់គម្រោងដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញសម្រេចឱ្យបាននូវគោលដៅ នៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕