(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹកស្រឡាញ់រាប់អាន។ លោកស្រី ក៏បានកោតសសើរចំពោះសមិទ្ធផល និងលទ្ធផលការងាររបស់ខេត្តស្វាយរៀង ដែលសម្រេចបានកន្លងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងលទ្ធផលល្អបែបនេះក៏ដោយ លោកស្រីក៏បានសំណូមពរឲ្យបន្តក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងអាជ្ញាធរខេត្តត្រូវ៖
*ទី១ ៖ បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗ បានជាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាពការលំបាក សំណូមពរ និងធ្វើការដោះស្រាយជូនពួកគាត់
*ទី២ ៖ ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់
*ទី៣ ៖ ត្រូវធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
*ទី៤ ៖ ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវនា២ គឺ «កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ដែលត្រូវចងចាំជានិច្ច។
*ទី៥ ៖ ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង
*ទី៦ ៖ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា ក្នុងវិស័យនយោបាយការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
*ទី៧ ៖ ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍
*ទី៨ ៖ ក្រុមការងារត្រូវចុះតាមស្រុក គឺត្រូវចុះជួបជាមួយស្ត្រី ក្នុងទិវាខួបលើកទី១០៩ នៃទិវាអន្តរជាតិ ៨ មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខ ស្របតាមទិសដៅរបស់រដ្ឋាភិបាល បានកដាក់ចេញ៕