(កោះកុង)៖ ដើម្បីតម្រូវការនៅការកង្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំង លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានរៀបចំរចនាសម្ព័ន្ធប្រព័ន្ធទឹកស្អាត ដើម្បីទុកបម្រើប្រជាពលរដ្ឋជាសាធារណៈ ក្នុងរដូវកាលនៃការកង្វះទឹកប្រើប្រាស់ក្នុងគ្រួសារ ដែលមានទីតាំងនៅក្នុងបរិវេនសាលាស្រុកបូទុមសាគរ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈនេះថា អាជ្ញាធរស្រុកបុទុមសាគរ បានត្រៀមលក្ខណៈប្រព័ន្ធទឹកស្អាតទុក ដើម្បីបំរើតាមតម្រូវការជាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងនេះបានត្រៀមលក្ខណៈសម្រាប់រក្សាទឹកទុកនៅក្នុងធុងចំណុះ ៥០០០លីត្រ ដើម្បីតម្រូវការ ២៤ម៉ោងលើ ២៤ម៉ោង សម្រាប់ឱ្យប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់មកបូមយកទៅប្រើប្រាស់ក្នុងគ្រួសាររបស់ពួកគាត់។
លោកបានបន្ថែមថា សម្ភារទាំងអស់នេះ បានមកដោយសារការជួយគាំទ្រ និងឧបត្ថម្ភពីសប្បុរសជនដែលបានជួយឧបត្ថម្ភ ដើម្បីលើកកម្ពស់ស្មារតីរបស់ប្រជាពលរដ្ឋ ឲ្យឃើញកាន់តែច្បាស់ថាខ្មែរស្រលាញ់ខ្មែរ។
លោកបានបញ្ជាក់ថា សប្បុរសជនដែលជួយឧបត្ថម្ភសម្ភារខាងលើ ក៏មានឈ្មោះ លោក ភិន រុច សមាជិកក្រុមប្រឹក្សាស្រុកជួយអណ្តូងទឹកបុក ១៣០០ដុល្លារ, លោកស្រី សូណារី ភរិយាលោកអភិបាលស្រុកបូទុមសាគរ បានឧបត្ថម្ភធុងទឹកចំណុះ ៥០០០លីត្រ ទុយោបែងចែកទឹកនិងថវិកា ៥០០ដុល្លារ, លោកកែវ ណារ៉ា ក្រុមប្រឹក្សាឃុំថ្មស បានជួយឧបត្ថម្ភ ម៉ូទ័រប៉ូមទឹក១គ្រឿង តម្លៃ២៥០ដុល្លារ។
លោកបានបញ្ជាក់ថា លោកនឹងខិតខំកៀងគរសប្បុរសបន្តទៀត ដើម្បីជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលនៅឆ្ងាយដាច់ស្រយាល ខ្វះទឹកប្រើប្រាស់លោក និងខិតខំបម្រើប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ឡើយ ហើយនិងអនុវត្តន៍តាមយុទ្ធសាស្រ្តរបស់សម្តេចតេជោ អភិវឌ្ឍន៍ជំហានគីង្គក់ដើម្បីប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមានសន្តិភាពពេញលេញ(អរគុណសន្តិភាព។ លោកសូមឲ្យពលរដ្ឋទាំងអស់ ជួយថែរក្សាសម្បត្តិរួមគឺដើម្បីយើងទាំងអស់គ្នា៕