(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៥ នៃព្រឹទ្ធសភាដឹកនាំដោយលោកស្រី ទី បូរ៉ាស៊ី ជាប្រធានគណៈកម្មការទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ហឿង សុគន្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជ មកពីគ្រប់មន្ទីរ អង្គភាពរដ្ឋនានា និងមន្រ្តីជំនាញក្នុងសាលាខេត្ត អភិបាលស្រុកពាក់ព័ន្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិពាក់ព័ន្ធ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនពាក់ពាក់ព័ន្ធដើម្បីស្វែងយល់ពីដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។
លោក ហឿង សុគន្ធ បានបញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង គឺជាខេត្ត១ ក្នុងចំណោមខេត្តទាំង២៥ ដែលមានព្រំប្រទល់ ខាងលិចជាប់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃខាងកើតជាប់នឹងខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប និងខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីសរុប១១,៧៤៨ គីឡូម៉ែត្រក្រឡា។
រដ្ឋបាលខេត្តត្រូវបានបែងចែកជា ក្រុង១ ស្រុក ១៣ មាន ៩២ឃុំ ១០សង្កាត់ និង ៨០៩ភូមិ, មានប្រជាពលរដ្ឋសរុបចំនួន១,២០៥,០៥០នាក់ ក្នុងនោះស្រី ៦០២,៩៩៤នាក់ ស្មើ២៦៣,៤៣៥គ្រួសារ និងមានប្រជាពលរដ្ឋប្រមាណ៧២% ប្រកបមុខរបរកសិកម្ម។
នៅប៉ែកខាងលិចខេត្តមានព្រំប្រទល់ជាប់ជាមួយខេត្តនៃប្រទេសថៃគឺ ខេត្តច័ន្ទបូរី ខេត្តត្រាត និងខេត្តស្រះកែវហើយមានច្រកទ្វារព្រំដែន អន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង) ច្រកទ្វារអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) និងមានច្រកទ្វារតំបន់ចំនួន៣គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល (ស្រុកភ្នំព្រឹក) ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ (ស្រុកកំរៀង)និងច្រកទ្វារតំបន់ព្រំដែន៤០០ (ស្រុកសំឡូត) ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។
ក្នុងកិច្ចប្រជុំនេះដែរលោកស្រី ទី បូរ៉ាស៊ី បានស្នើសុំឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍តាមជំនាញរបស់ខ្លួន ដើម្បីចង់ដឹងពីការលំបាកនិងការងាយស្រួលក្តាប់របាយការណ៍ និងសំណូមពរមួយចំនួនផងដែរ។
ប្រធានមន្ទីរជំនាញពាក់ព័ន្ធនានា បានលើកឡើង និងរាយការជម្រាបជូនដល់អង្គប្រជុំ ពិសេសពីការអនុវត្តច្បាប់អន្តោប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។ ដើម្បីជូនជ្រាបនិងសំណូមពរមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍ បានឡើងរាយការណ៍អំពីលទ្ធផលការងារគ្រប់គ្រងជនបរទេសកន្លងមក មានបីប្រភេទដែលបានមកស្នាក់នៅខេត្តបាត់ដំបងមាន ៥សញ្ជាតិ។
លោក ដាញ់ អេងប៊ុនចាន់ បានបញ្ជាក់ថា ជនបរទេសជាជនអន្តោប្រវេសន៍បានចែកជា៣ រួមមាន៖
*ទី១ ៖ ជនបរទេសជាជនបរទេសជាអន្តោប្រវេសន៍ ដែលមានឯកសារមិនប្រក្រតី និងខុសច្បាប់ត្រូវបានមន្រ្តីជំនាញដកឯកសារ ឬដេញចេញទៅប្រទេសដើមវិញ
*ទី២ ៖ ជនបរទេសមិនមែនជាជនអន្តោប្រទេស (អង្គការអន្តរជាតិក្រុមហ៊ុនបរទេសស្របច្បាប់...)
*ទី៣ ៖ ជនបរទេសជាជនអន្តោប្រវេសន៍....។
លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងពីបញ្ហាក្រុមអ្នកសារព័ត៌មានគ្រប់អង្គភាព ស្ថាប័នប្រចាំខេត្តថា ពេលខ្លះអង្គភាពសារព័ត៌មួយចំនួនធំបានសរសេរផ្សព្វផ្សាយ នៅអង្គភាពខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវមួយចំនួនតូច បានសរសេរព័ត៌មានផ្សាយខុសពីការពិត ក្នុងនោះដែរមសនអ្នកសារព័ត៌មានខ្លះ នៅមានកម្រិត ដោយពុំទាន់បានទទួលការបណ្តុះបណ្តាលវិស័យព័ត៌មានឲ្យបានស៊ីជម្រៅ ទើបមានបញ្ហាប្រឈមខ្លះ។
ក្នុងឱកាសនោះដែរ ភាគីប្រតិភូព្រឹទ្ធសភា ចង់ដឹងការងារមួយចំនួនទៀត ដោយបានសួរមកមន្រ្តីជំនាញពីការងារប្រឈមអ្វីខ្លះ? ដើម្បីស្វែងយល់ និងរួមគ្នាជួយដោះស្រាយផងដែរ។
លោក ហឿង សុគន្ធ បានបន្តថា នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការព្រំដែន គឺមានកម្លាំងសហការគ្នាបានល្អ ដោយមានកងទ័ពនគរបាលការព្រំដែន នគរបាលអន្តោប្រវេសន៍កម្លាំងស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្នាក់ការច្រកទាំងអស់នៅគ្រប់គោលដៅ បានអនុវត្តការងារការពារព្រំដែនបានល្អដោយបានកិច្ចសហការពីភាគីថៃផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍ពីមន្ទីរជំនាញនានារួចមក លោកស្រីប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា បានមានមតិ ពិភាក្សាដើម្បីរកវិធីដោះស្រាយរួមគ្នា និងដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមនានា និងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើឡើងនិងមានប្រសិទ្ធខ្ពស់។
លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាក៏បានថ្លែងអំណរគុណដល់លោកងួន រតន: អភិបាលខេត្តដែលបានចាត់តំណាងភាគីរដ្ឋបាលខេត្តដែលមានលោក ហឿង សុគន្ធ អភិបាលរងខេត្តដឹកនាំប្រជុំ និងបង្កលក្ខណៈឲ្យប្រតិភូលោកស្រីបានចូលជួបប្រជុំ ពិភាក្សាការងារប្រកបដោយជោគជ័យផងដែរ៕