(ព្រៃវែង)៖ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំងបីជាច្រើននាក់ផងដែរ។ ពិធីនេះបានធ្វើឡើងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកកំពង់ត្របែក។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងរាយការណ៍អំពីស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងស្រុកពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់ត្របែក ដែលត្រូវប្រកាសដាក់ឲ្យដំណើរការនាឱកាសនេះមាន ១៣ការិយាល័យ មានមន្ត្រីសរុបចំនួន ៦៣រូប ក្នុងនោះស្រី ១៩រូប។
ថ្លែងនៅក្នុងឱកាសនោះលោក ជា សុមេធី បានលើកឡើងថា ការដាក់ដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកំពង់ត្របែក នាឱកាសនេះ ជាព្រឹត្តិការប្រវត្តសាស្រ្តក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេមុខងារ និងផ្ទេរធនធានរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោកអភិបាលខេត្ត ក៏បានណែនាំនូវកិច្ចការមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ដោយអភិបាល អភិបាលរងស្រុក ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ ត្រូវក្តាប់ឲ្យបាននូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយជូនឲ្យបានឆាប់រហ័សកុំទុកឲ្យមានបញ្ហាតូច ទៅជាបញ្ហាធំចៀសវាងមានផលលំបាកនៅថ្ងៃក្រោយទៀត ព្រមទាំងបន្តពិនិត្យតាមដានលើការងារសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាពិសេសជនពិការ ជនចាស់ជរា ជនក្រីក្រ ត្រូវបត្ថម្ភគាំទ្រលើកទឹកចិត្តពួកគាត់ នឹងអនុវត្តឱ្យបាននូវគោលការណ៍ទាំង ៩ចំណុចរបស់ភូមិ-ឃុំ មានសុវត្ថិភាពដូចជា បញ្ហាគ្រឿងញៀនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដើម៕