(ព្រៃវែង)៖ លោ ជា សុមេធី អភិបាលខេត្តព្រៃវែងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ SBST ប្រវែង ៣,៤៩៧ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានលើកឡើងថា ផ្លូវនេះពីមុនពិបាកធ្វើដំណើរគួរសមជាពិសេសនៅពេលរដូវវស្សា។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលជាមួយ ធនាគារអភិវឌ្ឍន៍ជនបទអាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ក៏បានស្ថាបនាផ្លូវមួយនេះទៅជាផ្លូវក្រៅកៅស៊ូ SBST ដែលមានប្រវែង ៣,៤៩៧ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅតាមដងទន្លេកំពង់ត្របែក ក្នុងភូមិអន្លង់រាជ្យ រហូតដល់ភូមិបឹងខ្យង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះលោក ជា សុមេធី បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈ ងាយស្រួល ក្នុងការដឹកជញ្ជូននូវកសិផលកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ និងជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ពីតំបន់មួយទៅតំបន់មួយ ពីភូមិមួយទៅភូមិមួយ ប្រកបដោយសុវត្ថិភាព។
លោកសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ចេះថែរក្សានៅផ្លូវមួយខ្សែនេះឲ្យបានគង្វង់យូរអង្វែង និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បាត់បង់អាយុជីវិតនោះផងដែរ៕