(ភ្នំពេញ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានច្រានចោលនូវសេចក្តីថ្លែងការណ៍មួយរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់ដែលចូលជាធរមានមួយនោះ។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលមួយចំនួននោះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ ប្រាស់ចាកពីគោលការណ៍ច្បាប់ និងខុសពីការពិតក្នុងការពិភាក្សាគ្នា និងមានចេតនាដាក់សម្ពាធលើរាជរដ្ឋាភិបាល ក្នុងគោលបំណងអាក្រក់ណាមួយ។

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសមាគម និងអង្គការសង្គមស៊ីវិលប្រមាណ ១០០ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់នេះ។ សេចក្តីថ្លែងការណ៍របស់ សមាគម និងអង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា ច្បាប់នេះមិនមានភាពចាំបាច់ ហើយធ្វើឡើងដើម្បីរឹតត្បិតសេរីភាពក្នុងការជួបជុំរបស់សង្គមស៊ីវិល។

សេចក្តីថ្លែងការណ៍របស់ ក្រុមសមាគម និងអង្គការសង្គមស៊ីវិលនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ និងសមាគម អង្គការសង្គមស៊ីវិល បានជួបប្រជុំពិគ្រោះយោបល់លើកទី៤ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីពិភាក្សាទៅលើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

បើតាម លោក ប៊ុន ហុន, ក្នុងកិច្ចពិភាក្សានោះ អង្គការសង្គមស៊ីវិលមានការខ្វែងគំនិតគ្នានៅក្នុងផ្ទៃក្នុងរបស់គាត់ ដោយបានពិភាក្សាអំពីវិសោធនកម្មបន្ថែមពីលើកមុន បានត្រឹមតែ៣មាត្រាទៀតប៉ុណ្ណោះ ព្រោះថា ពួកគាត់នៅមិនទាន់យល់ពីខ្លឹមសារនៃមាត្រាដែលពួកគាត់ចង់ធ្វើវិសោធនកម្ម ឬទាមទារឱ្យលុបចោលនោះទេ។

លោក ប៊ុន ហុន បានបញ្ជាក់បែបនេះថា៖ «ពួកគាត់ធ្វើសេចក្តីថ្លែងការណ៍នេះ ទី១៖ ខុសពីការពិតទាំងស្រុង ខ្ញុំក្នុងនាមជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួលដោះស្រាយ សំណើ និងសំណូមអង្គការសង្គមស៊ីវិល ហើយដឹកនាំកិច្ចប្រជុំនេះ សូមបដិសេធនូវសេចក្តីថ្លែងការណ៍នេះទាំងស្រុង ដែលសេចក្តីថ្លែងការណ៍នេះ ខុសពីអ្វីដែលជាការពិត ដែលយើងបានធ្វើកិច្ចការជាមួយគ្នា ហើយសេចក្តីថ្លែងការណ៍នេះ ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងក្រោមហេតុផលនយោបាយទាំងស្រុង ហើយក្នុងគោលដៅដាក់សម្ពាធមករាជរដ្ឋាភិបាល និងក្នុងគោលបំណងអាក្រក់ណាមួយ»។

បើតាម ប៊ុន ហុន, ការដែលពួកគាត់ចោទរាជរដ្ឋាភិបាលថា «គ្មានឆន្ទៈក្នុងការធ្វើវិសោធនកម្ម» គឺមិនត្រឹមត្រូវទេ ព្រោះថាបើរដ្ឋាភិបាលពិតជាគ្មានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់សមាគមមែននោះ រាជរដ្ឋាភិបាលក៏មិនឱ្យមកជជែកពិភាក្សាស្តាប់សំណូមពររបស់សង្គមស៊ីបែបនេះទេ ហើយរាជរដ្ឋាភិបាលបានពន្យល់អំពីផ្លូវច្បាប់ឱ្យគាត់យល់ដឹង។

លោកបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញ មិនអាចធ្វើនិរាករណ៍ដោយបំពានលើរដ្ឋធម្មនុញ្ញទេ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិនឹងការសម្រេចធ្វើនិរាករណ៍ច្បាប់នេះដោយឯកឯងទេ ដោយសារតែជាការបំពានលើរដ្ឋធម្មនុញ្ញ និងអំណាចនិតិប្បញ្ញត្តិ។ ទោះជាយ៉ាងនេះក្តី ក្រុមការងាររាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គការសង្គមស៊ីវិល ព្រោះរាជរដ្ឋាភិបាលតែងតែចាត់ទុកថា អង្គការសង្គមស៊ីវិលជាដៃគូល្អសម្រាប់ការចូលរួមអភិវឌ្ឍសង្គម៕